
រដ្ឋធានីវ៉ាស៊ីនតោន៖ ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងវិញភ្លាមៗ បន្ទាប់ពីអនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេឌី វ៉ានស៍ (JD Vance) ចេញមុខព្រមានរដ្ឋធានីតេហេរ៉ង់ ថា វានឹងក្លាយជាទង្វើដ៏ល្ងង់ខ្លៅ ប្រសិនបើអ៊ីរ៉ង់សម្រេចចិត្តបំផ្លាញបទឈប់បាញ់រយៈពេល២សប្តាហ៍ គ្រាន់តែដោយសារអ៊ីស្រាអែលបន្តវាយប្រហារលើប្រទេសលីបង់នោះ...។

ការលើកឡើងនេះ បានធ្វើឱ្យមានការចោទសួរយ៉ាងខ្លាំងអំពីខ្លឹមសារពិតប្រាកដនៃកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប៉ាគីស្ថាន ខណៈភាគីទាំងពីរមានការយល់ឃើញផ្ទុយគ្នាស្រឡះ អំពីវិសាលភាពនៃបទឈប់បាញ់នេះ។ លោក ជេឌី វ៉ានស៍ បានបញ្ជាក់យ៉ាងច្បាស់ៗនៅពេលចាកចេញពីប្រទេសហុងគ្រី ថា សហរដ្ឋអាម៉េរិកមិនដែលយល់ព្រមឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើលីបង់ទេ។ លោកចាត់ទុកការដែលអ៊ីរ៉ង់ទាមទារឱ្យបញ្ឈប់សង្គ្រាមនៅលីបង់ ថា ជាការយល់ច្រឡំដ៏ធំមួយពីសំណាក់ភាគីអ៊ីរ៉ង់។ លោកបានសង្កត់ធ្ងន់ថា បញ្ហានៅលីបង់មិនមានពាក់ព័ន្ធអ្វីជាមួយកិច្ចព្រមព្រៀងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ឡើយ ហើយប្រសិនបើអ៊ីរ៉ង់សុខចិត្តត្រឡប់ទៅរកការវាយប្រហារគ្នាវិញ ដោយសារតែបញ្ហានេះ គឺជាជម្រើសដ៏ខុសឆ្គងបំផុតរបស់ពួកគេ។

ផ្ទុយទៅវិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាឈី (Abbas Araghchi) បានអះអាងដោយយោងតាមសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ថា លក្ខខណ្ឌនៃបទឈប់បាញ់ គឺច្បាស់ណាស់ ពោលគឺត្រូវរាប់បញ្ចូលទាំងការបញ្ឈប់ការវាយប្រហារលើលីបង់ផងដែរ។ លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក ត្រូវតែជ្រើសរើសរវាងបទឈប់បាញ់ ឬបន្តសង្គ្រាមតាមរយៈអ៊ីស្រាអែល ដោយមិនអាចយកទាំងពីរបានឡើយ។ ស្របពេលជាមួយគ្នានេះ កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ក៏បានគំរាមដែរថា ខ្លួននឹងបំពេញកាតព្វកិច្ចវាយបកវិញយ៉ាងធ្ងន់ធ្ងរ ប្រសិនបើការឈ្លានពានលើលីបង់ មិនត្រូវបានបញ្ឈប់ភ្លាមៗ។

ស្ថានភាពកាន់តែអាក្រក់ទៅៗ នៅពេលដែលអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសដ៏សាហាវបំផុតមួយ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៥៤នាក់ និងរបួសជាង១១០០នាក់ នៅក្នុងប្រទេសលីបង់។ ទោះបីជាមានការបង្ហូរឈាមយ៉ាងខ្លាំងក៏ដោយ លោក ជេឌី វ៉ានស៍ បែរជាលើកឡើងថា អ៊ីស្រាអែលបានសន្យានឹងរឹតត្បិតខ្លួនឯងបន្តិច ដើម្បីទុកឱកាសឱ្យការចរចាវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ទទួលបានជោគជ័យ។ ភាពមិនច្បាស់លាស់នៃកិច្ចព្រមព្រៀងនៅនាទីចុងក្រោយនេះ កំពុងធ្វើឱ្យពិភពលោកបារម្ភថា បទឈប់បាញ់ដែលទើបតែសម្រេចបាន អាចនឹងរលាយរលត់ទៅវិញក្នុងពេលដ៏ខ្លីបំផុត៕



