កម្ពុជាទទួលបាននាវាចម្បាំងពីចិន អាចបា.ញ់មីស៊ីលកម្ទេចសត្រូវនៅចម្ងាយ១៨០គីឡូម៉ែត្រ
Mao Sopha
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ ដូចការសន្យា ចិន បានបញ្ជូននាវាចម្បាំង១គ្រឿងប្រភេទ 056C ប្រគល់មកឱ្យកម្ពុជា នៅដើមខែមេសា ឆ្នាំ២០២៦នេះ ហើយជើងក្រោយ ប្រហែល១ខែ ឬ២ខែទៀត គឺនៅខែមិថុនាខាងមុខ បើគ្មានអ្វីប្រែប្រួល ចិន នឹងប្រគល់នាវាចម្បាំងប្រភេទនេះដដែល មកឱ្យកម្ពុជា១គ្រឿងថែមទៀត។ តាមពិត មហាយក្សចិន សន្យាផ្តល់នាវាចម្បាំងទាំង២គ្រឿងនេះ តាំងពីឆ្នាំ២០២៤មកម្ល៉េះ តាមការស្នើសុំរបស់កម្ពុជា។ អ្វីដែលពិសេសគួរឱ្យចាប់អារម្មណ៍នោះ គឺកម្ពុជា បានដាក់ឈ្មោះផ្ទាល់ខ្លួនឱ្យនាវាចម្បាំងនេះ ហៅថា «កោះកុង សែនជ័យ»។      

មានប្រភពផ្សេងៗគ្នាថា ក្នុង១គ្រឿងៗ នាវាច្បាំង 056C មានតម្លៃជាង៤០លានដុល្លារ ឬអាចដល់ជាង១០០លានដុល្លារ។ 056C ជានាវាចម្បាំង ដែលត្រូវបានចិនបង្កើតឡើង ដើម្បីប្រឆាំង ឬបាញ់កម្ទេចនាវាចម្បាំងដូចគ្នា។ នាវាចម្បាំង 056C មានបណ្តោយប្រវែងជិត១០០ម៉ែត្រ ទទឹងជាង១១ម៉ែត្រ និងបំពាក់ មីស៊ីលប្រភេទ YJ-83 ចំនួន៤គ្រាប់។ នាវាចម្បាំង 056C អាចបាញ់មីស៊ីល YJ-83 ឆ្ពោះទៅរកនាវាសត្រូវនៅចម្ងាយដល់ទៅ១៨០គីឡូម៉ែត្រឯណោះ។

ចុះអាចបាញ់ឧទ្ធម្ភាគចក្រ ឬយន្តហោះចម្បាំងដែរទេ? ដូចពណ៌នាខាងលើរួចហើយ នាវាចម្បាំង 056C ត្រូវបានរចនាឡើង សម្រាប់តែប្រតិបត្តិការសឹកលើផ្ទៃទឹក និងទប់ទល់ជាមួយនាវាចម្បាំងដូចគ្នា ដូច្នេះ ការតម្រង់គ្រាប់មីស៊ីលទៅលើអាកាស ដើម្បីបាញ់កម្ទេចឧទ្ធម្ភាគចក្រ យន្តហោះយោធា ឬយន្តហោះចម្បាំងសត្រូវ មិនសូវមានប្រសិទ្ធភាពឡើយ។ ប៉ុន្តែ នាវាចម្បាំង 056C នៅតែអាចការពារខ្លួន និងអាចបាញ់ឧទ្ធម្ភាគចក្រ ឬយន្តហោះយោធាសត្រូវ ដែលហោះទាបៗ និងមិនសូវលឿន។

ក្រៅពីមីស៊ីល YJ-83 ចំនួន៤គ្រាប់ នាវាចម្បាំង 056C នៅមានកន្លែងដាក់គ្រាប់មីស៊ីលបន្ថែមដាច់ដោយឡែកផ្សេងទៀត គឺកន្លែងដាក់គ្រាប់មីស៊ីលប្រភេទ HQ-10 បាន៦គ្រាប់ ទៅជាង១០គ្រាប់។ គ្រាប់មីស៊ីលប្រភេទ HQ-10 ដែលបំពាក់លើនាវាចម្បាំង 056C អាចបាញ់ទៅលើអាកាសបានចម្ងាយប្រមាណ៩គីឡូម៉ែត្រ។ ការបាញ់ឧទ្ធម្ភាគចក្រ ឬយន្តហោះយោធាសត្រូវ ដែលហោះទាបៗលើផ្ទៃសមុទ្ទ គឺប្រើមីស៊ីលប្រភេទ HQ-10 នេះ។ ចំពោះយន្តហោះចម្បាំងទំនើបៗ ដែលមានល្បឿនលឿនខ្លាំង និងហោះខ្ពស់ៗ នាវាចម្បាំង 056C មិនងាយធ្វើអ្វីបានឡើយ ហើយបើទោះបាញ់មីស៊ីល HQ-10 ក៏កម្រត្រូវដែរ។ 

ទាំងមីស៊ីល YJ-83 ទាំងមីស៊ីល HQ-10 បូកបញ្ចូលគ្នា មានតែបួនដប់គ្រាប់ប៉ុណ្ណោះ ចុះពេលបាញ់អស់? នាវាចម្បាំង 056C មិនងាយ ឬមិនអាចតែម្ដងក្នុងការដាក់បំពេញគ្រាប់មីស៊ីលបានភ្លាមៗ ពេលកំពុងប្រតិបត្តិការសឹកលើសមុទ្ទ គឺចាំបាច់ត្រូវបង្វែរក្បាលនាវា ធ្វើដំណើរមកចូលចតនៅកំពង់ផែ ឬមូលដ្ឋានទ័ពខ្លួនជាមុនសិន ទើបអាចដាក់បំពេញគ្រាប់មីស៊ីលឡើងវិញបាន។  

ការបញ្ជូននាវាចម្បាំងចេញពីចិន មកប្រគល់ជូនកម្ពុជានាពេលនេះ គឺស្ថិតក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយគ្នា នាមជាមិត្ត ដែលប្រទេសទាំង២តែងប្រកាសប្រាប់ពិភពលោក។ «កម្ពុជា-ចិន ជាមិត្តដែកថែបមិនអាចបំបែកបាន ទោះពិភពលោកមានស្ថានភាពយ៉ាងណាក៏ដោយ» ជាពាក្យដែលគេឯងតែងឮចេញពីមាត់មេដឹកនាំប្រទេសទាំង២។ ទោះជាយ៉ាងណា នាវាចម្បាំងនេះ លេចវត្តមាននៅមូលដ្ឋានទ័ពសមុទ្ទកម្ពុជា ស្របពេលកម្ពុជា កំពុងប្រឈមនឹងការឈ្លានពានពីសំណាក់យោធាថៃ ខណៈបច្ចុប្បន្ន យោធាថៃ កំពុងរំលោភបំពានកម្ពុជា តាមព្រំដែនគោកស្រាប់ទៅហើយ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត