
ទីក្រុងលីយ៉ុង៖ បន្ទាប់ពីបានជួបគ្នាក្នុងកិច្ចប្រជុំកំពូលស្តីពី«សុខភាពតែមួយ» (One Health Summit) និងក្នុងជំនួបទ្វេភាគីរួចមក ភ្លាមៗ លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានបង្ហោះរូបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយថែមទាំងភ្ជាប់ជាមួយសំណេរ សរសេរជាភាសាខ្មែរថា «បារាំង-កម្ពុជា មានប្រវត្តិសាស្ត្រស៊ីជម្រៅយ៉ាងខ្លាំង និងកាន់តែរឹងមាំ»។

សាររបស់លោកប្រធានាធិបតី ម៉ាក្រុង ដែលត្រូវបានបង្ហោះកាលពីថ្ងៃទី៨មេសា ឆ្នាំ២០២៦ មើលទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែវាមិនសាមញ្ញដូចអ្វីដែលយើងគិតនោះឡើយ សម្រាប់មេដឹកនាំពិភពលោក ជាពិសេស ប្រទេសដែលមានងារជាមហាអំណាចប្រចាំតំបន់អឺរ៉ុបដូចជាបារាំងនេះ។ នៅក្នុងសារ លោកប្រធានាធិបតី ម៉ាក្រុង បានអរគុណសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពី «សុខភាពតែមួយ» និងសម្រាប់កិច្ចពិភាក្សាទ្វេភាគីរវាងលោក និងសម្តេចនាយករដ្ឋមន្រ្តី នៅវិមានប្រធានាធិបតី នារដ្ឋធានីប៉ារីស កាលពីថ្ងៃទី៨មេសា ឆ្នាំ២០២៦។ លោកគូសបញ្ជាក់ថា៖«រវាងកម្ពុជា និងបារាំង ប្រវត្តិសាស្ត្ររបស់យើង មានជម្រៅយ៉ាងខ្លាំង ហើយកាន់តែរឹងមាំឡើង នៅក្នុងវិស័យថាមពល សុខាភិបាល និងបេតិកភណ្ឌ»។

លោកបន្តថា តាមរយៈអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅថាអង្គការហ្វ្រង់កូហ្វូនី កម្ពុជា និងបារាំង ក៏បន្តដំណើរជាមួយគ្នាដែរ ជាក់ស្តែង បន្ទាប់ពីកិច្ចប្រជុំកំពូល វីលល័រ-កូតធើរេត (Villers-Cotterêts) ក្នុងឆ្នាំ២០២៤ និងការជួបគ្នានាពេលខាងមុខ ដោយលោកនឹងមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២៦។ លោកចាត់ទុកទស្សនកិច្ចនេះ ជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង។ គួរកត់សម្គាល់ថា បច្ចុប្បន្ន កម្ពុជា និងថៃ កំពុងមានភាពចម្រូងចម្រាស់ជាមួយគ្នា ជុំវិញការកំណត់ខ្សែបន្ទាត់ព្រំដែន។ យ៉ាងណា កាលពីពេលកន្លងទៅ លោកប្រធានាធិបតីបារាំងរូបនេះ ធ្លាប់ប្រកាសថា ត្រៀមខ្លួនផ្ដល់ឯកសារប្រវត្តិសាស្ត្រ ផែនទី និងបច្ចេកទេស ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ បើសិនជាមានសំណើពីប្រទេសកម្ពុជា។ តើដំណើរទស្សនកិច្ចពេលនេះ ជាពិសេសក្នុងជំនួបផ្ទាល់ជាមួយលោកប្រធានាធិបតីបារាំង អាចជាឱកាសដែលមេដឹកនាំកម្ពុជា លើកសំណើនេះសាជាថ្មីដែរឬទេ?

គួរជម្រាបថា បច្ចុប្បន្ន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងស្ត្រីទី១នៃកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមួយចំនួន កំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ អំឡុងពេលស្នាក់នៅប្រទេសបារាំង សម្តេចនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង ព្រមទាំងថ្នាក់ដឹកនាំប្រទេសផ្សេងៗមួយចំនួនទៀត ដើម្បីផ្លាស់ប្ដូរយោបល់ពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា៕




