
ក្រុងច្បារមន៖ បុរសស្ត្រី២នាក់ប្ដីប្រពន្ធ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺស្ទាក់ចាប់ខ្លួនបាន ក្នុងសំណុំរឿងជួញដូរថ្នាំញៀនទ្រង់ទ្រាយធំរហូតដល់ទៅជាង១០គីឡូក្រាម នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់...។

បេសសកម្មបង្ក្រាបករណីរត់ពន្ធថ្នាំញៀនដ៏ធំនេះ ធ្វើឡើងកាលពីថ្ងៃទី០៧មេសា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចជំនាញបើកការស៊ើបអង្កេតអស់ជាច្រើនខែរហូតកំណត់មុខសញ្ញាបាន ទើបលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំមន្ត្រីជំនាញនៃកងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បន្ទាប់ពីមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ វង់ ស៊ីថា ហៅញ៉ាញ់ ត្រូវជាប្ដីរបស់ឈ្មោះ ឯម ស្រីនា ដែលបានធ្វើសកម្មភាពរត់ពន្ធថ្នាំញៀន។

ជាមួយគ្នានោះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងជាប្រភេទគ្រឿងញៀនជាច្រើនដែលមានទម្ងន់ជាង១០គីឡូក្រាម រួមទាំងឧបករណ៍កែច្នៃផលិតគ្រឿងញៀនមួយចំនួនទៀតផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ រួមជាមួយវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន ត្រូវបានកងកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕






