
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា វាគឺជារឿងដែលគួរឱ្យសោកស្ដាយយ៉ាងខ្លាំង ប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគី ពីអនុស្សរណៈ ស្តីពីតំបន់ទាមទារដែនសមុទ្ទត្រួតគ្នានៃខ្ពង់រាបបាតសមុទ្ទ ឆ្នាំ២០០១ (MoU-2001 ឬ MoU 44) ព្រោះវាជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃឯកសារនេះ…។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេស ធ្វើឡើងកាលពីយប់ថ្ងៃទី៨មេសា ឆ្នាំ២០២៦ ឆ្លើយតបនឹងការសាកសួរពីស្ថាប័នសារព័ត៌មានជាច្រើន ពាក់ព័ន្ធនឹងការពិចារណារបស់ភាគីថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្ទត្រួតគ្នានៃខ្ពង់រាបបាតសមុទ្ទ ដែលបានចុះហត្ថលេខារវាងកម្ពុជា-ថៃ ក្នុងឆ្នាំ២០០១ (MOU-2001)។ បើតាមអ្នកនាំពាក្យក្រសួងការបរទេស ចំពោះប្រទេសកម្ពុជាវិញ នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១។

អ្នកនាំពាក្យរំឭកថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយ ដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីជាមូលដ្ឋានសម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្ទត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្ទស្របតាមច្បាប់អន្តរជាតិផងដែរ។ អនុស្សរណៈឆ្នាំ២០០១ ក៏បង្ហាញពីសុច្ឆន្ទៈរបស់ប្រជាជាតិទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្ទមួយប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ តាមសេចក្តីចែងនៃអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ឯកសារនេះ នៅតែមានសុពលភាពរហូតដល់គោលបំណងរបស់អនុស្សរណៈនេះត្រូវបានសម្រេចពេញលេញ។

សូមជម្រាបថា នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល បានចាត់ទុកការបន្តរក្សាអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ស្តីពីការទាមទារតំបន់សមុទ្ទត្រួតស៊ីគ្នាជាមួយកម្ពុជា ឬហៅថា MoU 44 នេះ គ្មានប្រយោជន៍ និងបានប្រកាសថា រដ្ឋាភិបាលថៃ នឹងបញ្ចូលការលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ជាមួយកម្ពុជា ទៅក្នុងសេចក្តីថ្លែងការណ៍នយោបាយដាក់ជូនសភា ដើម្បីជជែកដេញដោល៕




