
សកល៖ បណ្តាប្រទេសនានាជុំវិញពិភពលោក បានសាទរ និងស្វាគមន៍ចំពោះបទឈប់បាញ់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ រយៈពេល២សប្តាហ៍ និងកោតសរសើរជាខ្លាំងចំពោះប្រទេសប៉ាគីស្ថានលើតួនាទីសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងនេះ ដែលគ្រោងនឹងចាប់ផ្តើមនៅរដ្ឋធានីអ៊ីស្លាមម៉ាបាដ នាប្រទេសប៉ាគីស្ថាន នៅថ្ងៃសុក្រសប្តាហ៍នេះ។ តើមានប្រទេសណាខ្លះ ចេញមុខសាទរចំពោះកិច្ចព្រមព្រៀងនេះ..?

ដំបូងគេ គឺ អ៊ីរ៉ាក់ បានស្វាគមន៍ចំពោះដំណឹងនេះ ហើយថែមទាំងបានសង្កត់ធ្ងន់ថា ទាំងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ត្រូវតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែង និងចៀសវាងការរីករាលដាលនៃជម្លោះប្រដាប់អាវុធ។ ចំណែក អេហ្ស៊ីប បានចាត់ទុកបទឈប់បាញ់នេះថា ជាឱកាសដ៏សំខាន់បំផុតសម្រាប់ការចរចា និងការទូត ហើយអេហ្ស៊ីបប្រកាសបន្តសហការជាមួយប៉ាគីស្ថាន និងតួកគី ដើម្បីលើកកម្ពស់សន្តិសុខក្នុងតំបន់។ ដោយឡែក មេដឹកនាំអ៊ីស្រាអែល បានប្រកាសគាំទ្រការសម្រេចចិត្តរបស់លោក ត្រាំ ប៉ុន្តែលោកបោះសម្តីថា បទឈប់បាញ់នេះមិនរាប់បញ្ចូលប្រទេសលីបង់ ដែលជាសម្បុករបស់ក្រុមហេសបូឡាហ៍នោះទេ។ អូម៉ង់ ឯណោះវិញ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាន និងគ្រប់ភាគីពាក់ព័ន្ធ ហើយក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការស្វែងរកដំណោះស្រាយដល់ឫសគល់នៃវិបត្តិ។

ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរែស (Antonio Guterres) បានអំពាវនាវឱ្យគ្រប់ភាគីគោរពតាមលក្ខខណ្ឌបទឈប់បាញ់ ដើម្បីការពារជីវិតជនស៊ីវិល និងកាត់បន្ថយទុក្ខវេទនារបស់មនុស្សជាតិ។ នៅមិនស្ងៀមឡើយ ជប៉ុន បានចាត់ទុកបទឈប់បាញ់នេះថា ជាចលនាវិជ្ជមាន និងមានអាទិភាពខ្ពស់បំផុតសម្រាប់ការកាត់បន្ថយភាពតានតឹងនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ សម្រាប់អាស៊ីអាគ្នេយ៍មាន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានស្វាគមន៍កិច្ចព្រមព្រៀងនេះ និងជំរុញឱ្យមានការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

រីឯ អូស្ត្រាលី និងនូវែលសេឡង់ បានលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរនៃសង្រ្គាមលើសេដ្ឋកិច្ចសកល និងតម្លៃថាមពល ហើយបង្ហាញក្ដីសង្ឃឹមរួមគ្នាថាបទឈប់បាញ់នេះនឹងនាំទៅរកសន្តិភាពអចិន្ត្រៃយ៍។ អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីឌ្រីក មើស៍ (Friedrich Merz) ក៏បានសាទរចំពោះបទឈប់បាញ់ និងអរគុណប៉ាគីស្ថានចំពោះតួនាទីសម្របសម្រួល ដោយលោកសង្ឃឹមថា នឹងមានការបញ្ចប់សង្រ្គាមតាមផ្លូវការទូត។ ចុងក្រោយគេគឺ អ៊ុយក្រែន ក៏បានបង្ហាញពីជំហរសាទរផងដែរ ដោយលាយលំជាមួយក្ដីសង្ឃឹមថា សន្តិភាពនឹងមាននៅក្នុងអ៊ុយក្រែនដូចគ្នាដែរ៕


