
នៅក្រុងបាវិត៖ យ៉ាងហោចណាស់មានជនបរទេសចម្រុះជាតិសាសន៍ជាង៣០០នាក់ ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនក្នុងសកម្មភាពប្រព្រឹត្តិឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញចំនួន៩ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្រក្រុងបាវិតនៃខេត្តស្វាយរៀង...។

យោងតាមរបាយការណ៍បញ្ជាក់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរង សហការជាមួយស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដឹកនាំក្រុមការងារជំនាញប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បើកការឆ្មក់បង្រ្កាបទីតាំងចំនួន៩ផ្សេងគ្នា ក្នុងនោះ មាន២ទីតាំង ជាកាស៊ីណូ និង៧ទីតាំងទៀតជាប្រភេទផ្ទះល្វែង ព្រមទាំងធ្វើការឃាត់ខ្លួនជនបរទេសសរុបចំនួន៣១២នាក់ ស្រី៦១នាក់ មាន៥សញ្ជាតិ។ ជាមួយគ្នា អាជ្ញាធរកម្ពុជា បានរកឃើញកុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃរបស់ជនសង្ស័យទាំងអស់ សុទ្ធសឹងពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ(Online Scams)។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីរដ្ឋបាល ដោយមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ចំណែកជនបរទេសដទៃទៀតដែលលួចស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីប្រទេសកម្ពុជា។ សូមជម្រាបថា ក្នុងប្រតិបត្តិការខាងលើនោះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយឈ្មោះ ហ្គោដិន ហ្គាឡាក់ស៊ី កាស៊ីណូ នៅក្រុងបាវិត ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើស Online Scams នេះផងដែរ៕











