មិនដល់២៤ម៉ោងផង ត្រាំ មាន១លានអារម្មណ៍
ហៀប ស៊ីថេត
11 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ បុរសខ្លាំងសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ នៅតែបន្តធ្វើឱ្យមនុស្សលើផែនដីស្មានមិនត្រូវ គិតមិនយល់ វិនិច្ឆ័យមិនបាន ចំពោះគំនិតរបស់លោក។ ជាក់ស្តែង មិនទាន់ដល់២៤ម៉ោងផង បុរសមានរហស្សនាមស្តេចឥន្ទ្រីរូបនេះ បានប្តូរចិត្តលឿងដូចផ្លេកបន្ទោរ...។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

កាលពីយប់ថ្ងៃអង្គារ ពិភពលោកបានទប់ដង្ហើមស្ទើរស្ទះទ្រូង នៅពេលលោក ត្រាំ ចេញមុខគំរាមថា «អរិយធម៌អ៊ីរ៉ង់ទាំងមូលនឹងត្រូវស្លាប់នៅរាត្រីនេះ»។ នេះមានន័យថា លោក ត្រាំ ត្រៀមនឹងប្រើដៃចុចប៊ូតុងអាវុធនុយក្លេអ៊ែរកម្ទេចអ៊ីរ៉ង់ឱ្យរាបដល់ដី ប្រសិនបើរដ្ឋធានីតេហេរ៉ង់នៅតែរឹងទទឹងមិនព្រមបើកច្រកសមុទ្ទហ័រមូស្ស។ នៅពេលនោះ កម្តៅបានកើនដល់ចំណុចពុះកញ្ជ្រោល សូម្បីតែអង្គការសហប្រជាជាតិ និងសម្ព័ន្ធមិត្តអាម៉េរិក ក៏អស់សង្ឃឹមក្នុងការឃាត់ឃាំងដែរ។ ប៉ុន្តែ បន្តិចក្រោយមក លោក ត្រាំ ក៏ប្តូរអារម្មណ៍មកជា «បុរសសន្តិភាព» វិញ យ៉ាងរហ័ស ក្រោមការសម្របសម្រួលពីមេដឹកនាំប៉ាគីស្ថាន លោកបានយល់ព្រមលើបទឈប់បាញ់១៤ថ្ងៃភ្លាម។

ចូលមកដល់ថ្ងៃពុធលោក ត្រាំ បានវិវត្តទៅជា«អ្នកជំនួញ»ដ៏ប៉ិនប្រសប់។ លោកឈប់និយាយរឿងទម្លាក់គ្រាប់បែក និងឈប់និយាយរឿងកម្ទេចអរិយធម៌អ៊ីរ៉ងទៀតហើយ ប៉ុន្តែលោកបែរជាទៅនិយាយរឿង «លុយកាក់ សេដ្ឋកិច្ច និងការកសាងជាតិ» ទៅវិញ។ ជាក់ស្តែង លោកបានបញ្ជាឱ្យកងទ័ពសហរដ្ឋអាម៉េរិកទៅជួយសម្រួលការកកស្ទះនៃនាវាចរនៅច្រកហ័រមូស្ស។ នេះសបញ្ជាក់ឱ្យឃើញថា លោកចង់ឱ្យសង្គ្រាមឆាប់ចប់ ដើម្បីឱ្យទីផ្សារសេដ្ឋកិច្ចសេរីដំណើរការឡើងវិញ ហើយការដែល ត្រាំ ប្រកាសបញ្ជូនកងកម្លាំងសហរដ្ឋអាម៉េរិកទៅជួយសម្រួលការកកស្ទះនាវាដឹកជញ្ជូននៅក្នុងច្រកសមុទ្ទ ទំនងជាចង់កេងចំណេញពីច្រកសមុទ្ទយុទ្ធសាស្ត្រនេះ ដើម្បីមានឱកាសក្រសោបយកទៅគ្រប់គ្រង ស្រដៀងនឹងព្រែកជីកប៉ាណាម៉ាដែរ។

រយៈពេលមិនដល់២៤ម៉ោងផង លោក ត្រាំ បានដើរតួជាមេបញ្ជាការដឹកនាំសង្គ្រាមផង ជាបុរសសន្តិភាពផង និងជាអ្នកជំនួញផង ធ្វើឱ្យសត្រូវរបស់លោក និងសូម្បីតែសម្ព័ន្ធមិត្តគិតមិនយល់ ស្មានមិនត្រូវ អំពីគំនិត និងផែនការរបស់ចៅហ្វាយសេតវិមានរូបនេះឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត