
មជ្ឈិមបូព៌ា៖ ក្នុងសប្តាហ៍ដំបូងនៃខែមេសា ឆ្នាំ២០២៦ របត់ភូមិសាស្ត្រនយោបាយពិភពលោកហាក់កំពុងក្រឡាប់ចក្រមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ទន្ទឹមនឹងពិភពលោកបានឃើញបាតុភូតការទូតដ៏ចម្លែកផង និងគួរឱ្យស្ញប់ស្ញែងផង។ មហាអំណាចអាម៉េរិកត្រៀមនឹងកម្ទេចអ៊ីរ៉ង់ឱ្យខ្ទេចខ្ទីក្លាយជាផេះផង់ ស្រាប់តែមានពន្លឺកិច្ចព្រមព្រៀងបទឈប់បាញ់បានផុសឡើង តាមរយៈកិច្ចអន្តរាគមន៍របស់ប្រទេសអាស៊ីខាងត្បូងនោះគឺ«ប៉ាគីស្ថាន»។ តើហេតុអ្វីបានជាប៉ាគីស្ថានដើរតួរជាអ្នកសម្របសម្រួលសង្គ្រាមនៅមជ្ឈិមបូព៌ា..? តើប៉ាគីស្ថានអាចធ្វើទៅបានដោយរបៀបណា..?

គ្មាននរណាម្នាក់នឹកស្មានដល់ទេថា ប្រធានាធិបតី ដូណាល់ ត្រាំ ដែលទើបតែបានព្រមានយ៉ាងក្ដៅគគុកថា«អរិយធម៌អ៊ីរ៉ង់ទាំងមូលនឹងត្រូវកម្ទេចចោលឱ្យរលាត់រលត់» ប៉ុន្តែបែរជាងាកមកងក់ក្បាលយល់ព្រមដាក់អាវុធចុះរយៈពេល១៤ថ្ងៃ តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថានទៅវិញ។ ក្នុងនាមជាប្រទេសមូស្លីមតែមួយគត់ដែលមានអាវុធនុយក្លេអ៊ែក្នុងដៃ ប៉ាគីស្ថានបានប្រើប្រាស់ឥទ្ធិពលអព្យាក្រិតភាពរបស់ខ្លួន ដើម្បីទាញដៃអាម៉េរិក និងអ៊ីរ៉ង់ចូលតុចរចាដោយជោគជ័យ និងធ្វើឱ្យត្រាំ ទន់ចិត្តឈប់វាយអ៊ីរ៉ង់រយៈពេល២សប្តាហ៍។ យ៉ាងណា គេឆ្ងល់ថា តើប៉ាគីស្ថានអាចទៅជួយសង្គ្រោះសន្តិភាពនៅមជ្ឈិមបូព៌ាបានដោយរបៀបណា បើព្រំដែនខ្លួនឯងកំពុងឆេះសង្គ្រាមយ៉ាងសន្ធោសន្ធៅជាមួយអាហ្វហ្កានីស្ថានបែបនេះ? ឬមានកូនក្រកចាំជួយពីក្រោយ...?

ចម្លើយ គឺស្ថិតនៅលើការទូតស្ងប់ស្ងាត់របស់រដ្ឋធានីប៉េកាំង។ ថ្មីៗនេះ ទាំងចិន និងប៉ាគីស្ថាន បានជួបជជែកគ្នាជាហូរហែពីផែនការនាំសន្តិភាពជូនតំបន់មជ្ឈិមបូព៌ា ជាពិសេសសម្រាប់មិត្តអ៊ីរ៉ង់តែម្ដង។ ចិនដឹងច្បាស់ថា បើប៉ាគីស្ថានរវល់តែជាប់ដៃក្នុងសង្គ្រាមជាមួយក្រុមតាលីបង់របស់អាហ្វហ្កានីស្ថាន នោះអ៊ីរ៉ង់នឹងទ្រោមខ្លួនជាមិនខាន ហើយដង្ហើមសេដ្ឋកិច្ច និងមហិច្ឆតាផ្លូវសូត្រពាណិជ្ជកម្មរបស់ខ្លួនក៏នឹងត្រូវរលាយដែរ។ ហេតុនេះ ចិនបានដើរតួជាអាជ្ញាកណ្ដាលយ៉ាងស្ថប់ស្ងាត់ ដោយអញ្ជើញគូជម្លោះទាំងប៉ាគីស្ថាន និងងអាហ្វហ្កានីស្ថានទៅកាន់ទីក្រុងអ៊ូរុមឈី (Urumqi) ប៉ែកខាងលិចប្រទេសចិន ដើម្បីពន្លត់ភ្លើងក្បែររបងផ្ទះជាមុនសិន។ នៅពេលប៉ាគីស្ថានលែងបារម្ភបញ្ហាសង្គ្រាមតាមព្រំដែនជាមួយអាហ្វហ្កានីស្ថានហើយ ទើបរដ្ឋធានីអ៊ិស្លាម៉ាបាដមានលទ្ធភាពពេញលេញក្នុងការប្រើប្រាស់កម្លាំងការទូតទៅជួយពន្លត់ភ្លើងសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ នេះបង្ហាញថា ប៉ាគីស្ថានអាចនាំយកបទឈប់បាញ់ជូនមជ្ឈិមបូព៌ាបាន ក៏ដោយសារតែមានចិនជាអ្នកផ្តល់ដង្ហើមសន្តិភាពឱ្យប៉ាគីស្ថានជាមុនសិនដែរ។ តាមរយៈសម្មតិកម្មនេះ គេអាចទាញចេញជាចម្លើយថា ចិន ប្រៀបដូចជាកូនក្រកជួយជំរុញពីក្រោយ ឱ្យមានបទឈប់បាញ់នៃសង្គ្រាមមជ្ឈិមបូព៌ា។

ជោគជ័យនៃបទឈប់បាញ់១៤ថ្ងៃនៅមជ្ឈិមបូព៌ានេះ បានឆ្លុះបញ្ចាំងឱ្យឃើញការពិតថ្មីមួយថា ស្របពេលអាម៉េរិកកំពុងប្រើប្រាស់កម្លាំងបាយ និងការគំរាមកំហែងផ្នែកយោធា ដើម្បីដោះស្រាយបញ្ហា ចិនបែរជាប្រើប្រាស់យុទ្ធសាស្ត្រការទូតយ៉ាងស្ងប់ស្ងាត់។ តើសណ្ដាប់ធ្នាប់ពិភពលោកថ្មីកំពុងតែចាប់កំណើតឡើងហើយមែនទេ...? ស្របពេលប្រទេសក្នុងតំបន់អាស៊ីដូចជាចិន និងប៉ាគីស្ថានកំពុងដើរតួរជាអ្នកសម្របសម្រួលវិបត្តិសង្គ្រាមយ៉ាងសកម្ម...? តើបទឈប់បាញ់រយៈពេល២សប្តាហ៍ ដែលប៉ាគីស្ថានបានបង្កើត ដោយមានចិននៅពីក្រោយខ្នងនេះ នឹងអាចក្លាយជាសន្តិភាពអចិន្ត្រៃយ៍ ឬក៏គ្រាន់តែជាការផ្អាកមួយខណៈពេល?



