ចុតហ្មាយម.ច្ចុ.រា.ជ! ត្រាំ គំរាមបើកទ្វារនរកនៅផ្ទះអ៊ីរ៉ង់ ប៉ុន្តែរដ្ឋធានីតេហេរ៉ង់មិនព្រឺរោមសូម្បីប៉ុនសរសៃសក់
ហៀប ស៊ីថេត
3 ម៉ោងមុន

វ៉ាស៊ីនតោន-តេហេរ៉ង់៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមបើកទ្វារនរកឱ្យអ៊ីរ៉ង់ជួបស្តេចយមរាជ រួមទាំងការព្រមានធ្ងន់ៗវាយប្រហារកម្ទេចលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់ឱ្យរៀបដល់ដីដែលរួមមាន៖ ស្ពាន និងរោងចក្រអគ្គិសនី ប្រសិនបើច្រកសមុទ្ទហ័រមូស្ស មិនត្រូវបានបើកឡើងវិញត្រឹមថ្ងៃឱសានវាទ ដែលលោកបានកំណត់នោះទេ។ យ៉ាងណា អ៊ីរ៉ង់ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង និងបានទាត់ចោលឱសានវាទរបស់លោក ត្រាំ ភ្លាមៗ ដោយគ្មានញញើតកោតខ្លាចអាម៉េរិក សូម្បីប៉ុនសរសៃសក់។

ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ដ៏មុតស្រួច​ កាលពីថ្ងៃអាទិត្យទី៥ ខែមេសា ដោយប្រើប្រាស់ពាក្យសម្តីជេរប្រមាថធ្ងន់ៗថា សហរដ្ឋអាម៉េរិកនឹងវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំង ស្ពាន និងរោងចក្រអគ្គិសនី។ «ថ្ងៃអង្គារខាងមុខនេះ នឹងក្លាយជាថ្ងៃកម្ទេចរោងចក្រអគ្គិសនី និងថ្ងៃវាយកម្ទេចស្ពាន រួមបញ្ចូលគ្នាតែមួយនៅក្នុងប្រទេសអ៊ីរ៉ង់។ វានឹងមិនដែលមានព្រឹត្តិការណ៍ណា[សាហាវ]ដូច្នេះពីមុនមកឡើយ!!! បើកច្រកសមុទ្ទចង្រៃហ្នឹងឱ្យឆាប់ឡើង អាពួកឆ្កួត..បើមិនអ៊ីចឹងទេ ពួកឯងនឹងត្រូវរស់នៅក្នុងនរកមិនខាន។ ចាំមើលទៅ! សូមសរសើរដល់ព្រះជាអម្ចាស់»។ នេះជាសម្តីព្រមានធ្ងន់ៗដែលមិនធ្លាប់មានរបស់ ត្រាំ បង្ហោះលើបណ្តាញ Truth Social។ សូមរំឭក កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក លោក ភេត ហេកសិត (Pete Hegseth) បានគំរាមបញ្ជូនអ៊ីរ៉ង់ឱ្យត្រឡប់ទៅ«សម័យយុគថ្ម»វិញ។  

យ៉ាងណា មន្ត្រីអ៊ីរ៉ង់ បានទាត់ចោលការគំរាមកំហែងរបស់ ត្រាំ និងសន្យាថា នឹងសងសឹកវិញ ចំពោះការវាយប្រហារណាមួយលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ បេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានឆ្លើយតបដោយមិនខ្លាចញញើត សូម្បីបន្តិចថា៖«ជាថ្មីម្ដងទៀត!! ប្រធានាធិបតីអាម៉េរិក បានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការរស់រានរបស់ជនស៊ីវិល។ សហគមន៍អន្តរជាតិមានកាតព្វកិច្ចផ្លូវច្បាប់ ក្នុងការទប់ស្កាត់សកម្មភាពសាហាវឃោរឃៅ ដែលជាបទល្មើសសង្គ្រាមបែបនេះ»។ ជាមួយគ្នា លោក សីយីដ ម៉េឌី តាបាតាប៊ៃ អនុប្រធានផ្នែកទំនាក់ទំនងនៃការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ បានបញ្ជាក់ច្បាស់ៗថា ច្រកសមុទ្ទនេះ នឹងបើកវិញ លុះត្រាតែមានការបង់ប្រាក់សំណង សម្រាប់ការខូចខាតដែលបង្កឡើងដោយសង្គ្រាមរបស់បងប្អូនភ្លោះ[អាម៉េរិក-អ៊ីស្រាអែល]។ លោកបន្ថែមថា ការបង់ប្រាក់ទាំងនោះនឹងធ្វើឡើងក្នុងទម្រង់ជា«កម្រៃឆ្លងកាត់» ក្រោមរបបច្បាប់ថ្មីជុំវិញច្រកសមុទ្ទនោះ។ លោក តាបាតាប៊ៃ ក៏បានចាត់ទុកពាក្យសម្តីរបស់ ត្រាំ ថាជាសញ្ញានៃ«ភាពអស់សង្ឃឹម និងកំហឹងមោហ៍បាំង»។

លោក សីយីដ ម៉េឌី តាបាតាប៊ៃ (Seyyed Mehdi Tabatabaei)
លោក សីយីដ ម៉េឌី តាបាតាប៊ៃ (Seyyed Mehdi Tabatabaei)

មែនទែនទៅ ការវាយប្រហាររួមគ្នារបស់អាម៉េរិក-អ៊ីស្រាអែល បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរួចជាស្រេចទៅហើយ រួមមាន៖ ស្ពាន សាលារៀន មន្ទីរពេទ្យ និងសាកលវិទ្យាល័យ ដែលអ្នកជំនាញបញ្ជាក់ថា សកម្មភាពទាំងនេះអាចត្រូវបានរាប់បញ្ចូលជាបទល្មើសសង្គ្រាមរួចទៅហើយ។ គេនៅចាំបានថា កាលពីថ្ងៃទី២៦ ខែមីនា លោក ត្រាំ បានកំណត់ឱសានវាទរយៈពេល១០ថ្ងៃឱ្យអ៊ីរ៉ង់បើកច្រកសមុទ្ទឡើងវិញ ខណៈនាវាចរណ៍នៅច្រកសមុទ្ទនេះបានជាប់គាំង ចាប់តាំងពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារកម្ទេចអ៊ីរ៉ង់ជាលើកដំបូង កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ បច្ចុប្បន្ន ពិភពលោកកំពុងស្ថិតក្នុងភាពភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ច និងសង្គ្រាមដែលមិនអាចគ្រប់គ្រងបាន ដោយសារច្រកសមុទ្ទ បាននិងកំពុងក្លាយជាចំណុចមរណៈនៃទីផ្សារប្រេងសកល។ ពិភពលោកកំពុងអង្គុយបត់ជើង ចំហមាត់ ដកដង្ហើមធំ ថាតើនឹងមានកិច្ចព្រមព្រៀងនាទីចុងក្រោយដែរឬទេ..ឬក៏ពិភពលោកនឹងត្រូវមើលឃើញឋាននរក ដូចដែល ត្រាំ បានព្រមានពិតមែន?...

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត