ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប្រកាសរៀបចំផែនការសណ្តាប់ធ្នាប់ថ្មី នៅច្រកសមុទ្ទហ័រមូស្ស
ហៀប ស៊ីថេត
9 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់អះអាងថា ពួកគេកំពុងបញ្ចប់ការត្រៀមលក្ខណៈ ដើម្បីអនុវត្តលក្ខខណ្ឌប្រតិបត្តិការថ្មីនៅក្នុងច្រកសមុទ្ទ ដែលត្រូវបានបិទស្ទើរតែទាំងស្រុង ចាប់តាំងពីសង្គ្រាមរួមគ្នារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែលប្រឆាំងរបបរដ្ឋធានីតេហេរ៉ង់ផ្ទុះឡើង...។

កងកម្លាំងជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (ឬ IRGC) បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា៖«កងកម្លាំងជើងទឹក IRGC កំពុងបញ្ចប់ការត្រៀមលក្ខណៈប្រតិបត្តិការសម្រាប់ផែនការដែលបានប្រកាសរបស់អាជ្ញាធរអ៊ីរ៉ង់ ដើម្បីសណ្តាប់ធ្នាប់ថ្មីនៅឈូងសមុទ្ទពែក្ស»។ ពួកគេបានព្រមានថា លក្ខខណ្ឌនៅក្នុងច្រកសមុទ្ទនេះ នឹងមិនត្រឡប់ទៅរកស្ថានភាពដើមវិញឡើយ ទោះក្នុងតម្លៃណាក៏ដោយ ជាពិសេស សម្រាប់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍នេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បន្តការគំរាមកំហែងជាថ្មីក្នុងការវាយប្រហារលើរោងចក្រអគ្គិសនី និងស្ពាននានារបស់អ៊ីរ៉ង់ ប្រសិនបើផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រដ៏សំខាន់នេះមិ នត្រូវបានបើកឡើងវិញ។

សូមរំឭកថា អ៊ីរ៉ង់បានអនុញ្ញាតឱ្យមាននាវាចរណ៍កម្រិតទាបបំផុតកាត់តាមផ្លូវទឹកនេះ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងថ្ងៃទី២៨ ខែកុម្ភៈ បង្កការរំខានដល់រំហូរប្រេង និងឧស្ម័ន២០ភាគរយនៃតម្រូវការសកល។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសអូម៉ង់ បានរាយការណ៍កាលពីថ្ងៃអាទិត្យទី៥ ខែមេសាថា អ៊ីរ៉ង់-អូម៉ង់ បានជួបពិភាក្សាគ្នាអំពីការបន្ធូរបន្ថយការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ទនេះ ប៉ុន្តែយ៉ាងណា បច្ចុប្បន្ននៅតែបន្តបិទខ្ទប់ដោយសារតែជម្លោះ។ គួរបញ្ជាក់ថា ​ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗ សមាជិកសភាអ៊ីរ៉ង់ បានស្នើឱ្យមានការកំណត់កម្រៃសេវាឆ្លងកាត់ និងពន្ធលើនាវាទាំងហ្លាយណា ដែលធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត