តើនរណាជាម្ចាស់ច្រកសមុទ្ទហ័រមូស្សពិតប្រាកដ..?
ហៀប ស៊ីថេត
3 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ជាផ្លូវដង្ហើមប្រេងជាង២០ភាគរយរបស់ពិភពលោក នោះគឺ «ច្រកសមុទ្ទយុទ្ធសាស្ត្រហ័រមូស្ស»។ វាមិនមែនជារបស់អូម៉ង់ទេ ហើយវាក៏មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់អ៊ីរ៉ង់ដែរ ហើយវាក៏រឹតតែមិនមែនជាម្ចាស់កម្មសិទ្ធិរបស់អង្គភាពណាមួយតែឯងនោះដែរ ប៉ុន្តែវាជាផ្លូវទឹកអន្តរជាតិដែលមានព្រំប្រទលជាប់ប្រទេសអូម៉ង់ និងអុីរ៉ង់ ដែលជាអ្នកគ្រប់គ្រងឆ្នេរសមុទ្ទភាគខាងជើង និងកោះសំខាន់ៗមួយចំនួន។ ហេតុនេះហើយទើបធ្វើឱ្យវា ក្លាយជាសរសៃឈាមនៃថាមពលបេះដូងសកលលោក ប៉ុន្តែបច្ចុប្បន្ន វាត្រូវបានរដ្ឋធានីតេហេរ៉ង់ច្របាច់-ក ផ្ទប់ដង្ហើមស្ទើរតែតែមរណា...។

ចាប់តាំងពីផ្កាំភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ឆាបឆេះឡើង រដ្ឋធានីតេហេរ៉ង់ បានប្រើប្រាស់អំណាចយោធាគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្ទមួយនេះ ដោយអនុញ្ញាតឱ្យតែនាវាទាំងហ្លាយណាដែលខ្លួនគិតថាជាសម្ព័ន្ធមិត្ត ឬប្រទេសដែលមិនគាំទ្សហរដ្ឋរអាម៉េរិក និងអ៊ីស្រាអែលតែប៉ុណ្ណោះ ទើបអាចឆ្លងកាត់បាន បើទោះបីជាច្រកសមុទ្ទមួយនេះត្រូវបានគ្រប់គ្រងដោយច្បាប់សមុទ្ទអន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទ (ឬ UNCLOS) ក៏ដោយ។ ច្រកសមុទ្ទ «ក-ដប» ដ៏តូចចង្អៀត ដែលមានទទឹងត្រឹមតែ៣៣គីឡូម៉ែត្រ គឺជាផ្លូវដឹកជញ្ជូនពាណិជ្ជកម្មដ៏មមាញឹក សម្រាប់នាវាដឹកជញ្ជូនអន្តរជាតិ ប៉ុន្តែពេលនេះ វាបានប្រែក្លាយជាអន្ទាក់មរណៈដ៏ព្រឺព្រួច ដែលគ្មាននរណាហ៊ានឆ្លងកាត់ដូចពេលមុនៗឡើយ។

កាលពីអតីតកាល កងកម្លាំងអន្តរជាតិធ្លាប់បានធ្វើអន្តរាគមន៍ ដើម្បីធានាសុវត្ថិភាពដល់ការធ្វើនាវាចរតាមច្រកនេះ ប៉ុន្តែដោយសារតែទីតាំងភូមិសាស្ត្រនៃច្រកសមុទ្ទ គឺស្ថិតនៅកៀកនឹងឆ្នេរសមុទ្ទអ៊ីរ៉ង់ ជាពិសេស នៅជិតមូលដ្ឋានកងទ័ពជើងទឹក និងទ្រព្យសម្បត្តិយោធាផ្សេងៗទៀតរបស់អ៊ីរ៉ង់ ដូច្នេះហើយបានជាវាផ្តល់ផលចំណេញយ៉ាងខ្លាំងដល់អ៊ីរ៉ង់ ក្នុងការត្រួតត្រាលើច្រកសមុទ្ទនេះ។ បើទោះបីជាសហរដ្ឋអាម៉េរិកគំរាមឥតល្អែរ​ឱ្យបើកច្រកសមុទ្ទនេះក៏ដោយ ប៉ុន្តែរដ្ឋធានីតេហេរ៉ង់នៅតែធ្វើមិនដឹងមិនឮ ពោលគឺមិនខ្វល់ពីសម្តីរបស់មេដឹកនាំសហរដ្ឋអាម៉េរិកទេ។ សូម្បីតែបទឈប់បាញ់៤៥ថ្ងៃ ជាថ្នូរនឹងការបើកច្រកសមុទ្ទនេះ ក៏អ៊ីរ៉ង់ទាត់ចោល ហើយបន្តកាន់អាវុធច្បាំងជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបន្ថែមដែរ។

ដោយសារទីតាំងភូមិសាស្ត្រអំណោយផល អ៊ីរ៉ង់បានប្រើប្រាស់ដ្រូន មីស៊ីល និងទូកវាយប្រហារល្បឿនលឿន យាមកាមគ្រប់ច្រកល្ហក។ នាវាដឹកទំនិញ និងប្រេងដែលធ្លាប់តែឆ្លងកាត់ជាង៣០០០គ្រឿងក្នុងមួយខែ ប៉ុន្តែឥឡូវនេះ បានធ្លាក់ចុះរហូតដល់៩៥ភាគរយ ធ្វើឱ្យផ្លូវទឹកដែលធ្លាប់តែមមាញឹក អឺងកងដោយសំឡេងរំពងនៃម៉ាស៊ីននាវា ប្រែទៅជាស្ងាត់ជ្រងំ ប្រៀបបាននឹងច្រករបៀងមរណៈ គ្មាននរណាហ៊ានប្រថុយជីវិតបើកឆ្លងកាត់ច្រកសមុទ្ទនេះទៀតឡើយ បើហ៊ានឆ្លងកាត់ ក៏ទាល់តែមានការអនុញ្ញាតពីកងឆ្មាំបដិវដ្តន៍អ៊ិស្លាមអ៊ីរ៉ង់ជាមុនដែរ។ ទន្ទឹមនឹងនាវាបស្ចិមប្រទេស ត្រូវបង្ខំចិត្តឈប់សំចតអណ្តែងធីងធោងកណ្តាលមហាសាគរ ព្រោះគ្មានក្រុមហ៊ុនធានារ៉ាប់រងណាហ៊ានធានាសំណង និងការពារអាយុជីវិតនាវិកនៅក្រោមចុងកាណុងកាំភ្លើងអ៊ីរ៉ង់ឡើយ។    

កុំមើលរំលងច្រកសមុទ្ទដ៏តូចមួយនេះឱ្យសោះ! តូចតែតាន់ តាន់ក៏នៅត្រង់ថា រៀងរាល់ថ្ងៃ ប្រេងជាង២០លានបារ៉ែល និងឧស្ម័នធម្មជាតិរាវ(LNG) ដ៏ច្រើនមហិមា ស្មើនឹង ២០ភាគរយនៃការប្រើប្រាស់ទូទាំងពិភពលោក ត្រូវបានចរាចណ៍ឆ្លងកាត់ផ្លូវទឹកមួយនេះ។ នៅពេលដែលអ៊ីរ៉ង់សម្រេចចិត្តបិទខ្ទប់ច្រកសមុទ្ទហ័រមូស្ស វាមិនត្រឹមតែជាការគំរាមកំហែងខាងយោធាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច បង្កផលប៉ះពាល់ដល់មនុស្សរាប់ពាន់លាននាក់រស់នៅលើផែនដី។ ជាក់ស្តែង តម្លៃប្រេងបានហក់ឡើងកប់ពពក បានបង្ខំឱ្យរដ្ឋាភិបាលនៅអាស៊ី អឺរ៉ុប ប្រកាសអាសន្ន រឹតត្បិតការប្រើប្រាស់ឥន្ធនៈ និងបិទសាលារៀន ព្រោះតែគ្មានថាមពលសម្រាប់ដុតកម្ដៅ និងធ្វើដំណើរមានភាពកង្វះជាខ្លាំង។ 

ទោះបីជាមហាអំណាចសហរដ្ឋអាម៉េរិក គំរាមកម្ទេចអ៊ីរ៉ង់កាន់តែខ្លាំង និងបានព្យាយាមវាយកម្ទេចមូលដ្ឋានមីស៊ីលតាមឆ្នេរ ដើម្បីបើកផ្លូវសមុទ្ទនេះឡើងវិញក៏ដោយ ក៏ស្ថានការណ៍នៅតែតានតឹងដដែល។ បច្ចុប្បន្ន ច្រកសមុទ្ទហ័រមូស្សមិនមែនគ្រាន់តែជាដែនទឹកធម្មតានោះទេ ប៉ុន្តែវាជាចំណាប់ខ្មាំងរឹតកពិភពលោកទាំងមូល។ បើច្រកនេះមិនអាចបើកឡើងវិញបានទេ មិនត្រឹមតែសេដ្ឋកិច្ចពិភពលោកទេដែលរងផលប៉ះពាល់ សូម្បីតែសន្តិសុខស្បៀង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ ក៏នឹងត្រូវធ្លាក់ក្នុងងងឹតសូន្យសុងដែរ។ មានសំណួរដ៏រសើបខ្លីមួយបានចោទសួរថា តើមានផ្លូវវាងដែរឬទេ...? ហេតុអ្វីអូម៉ង់មិនជីកព្រែកកាត់ដីរបស់ខ្លួនវិញ ដើម្បីបើកផ្លូវទឹកដ៏មមាញឹកមួយនេះ ជំនួសច្រកសមុទ្ទហ័រមូស្សវិញ...?

តាមពិតទៅ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម មានបំពង់បង្ហូរប្រេងនៅលើដីគោក និងអាចវាងច្រកហ័រមូស្សបាន ប៉ុន្តែវាអាចដឹកជញ្ជូនប្រេងបានក្នុងបរិមាណតិចតួចប៉ុណ្ណោះ។ ដូច្នេះ បំពង់បង្ហូរប្រេងនេះ គ្រាន់តែជាថ្នាំបំបាត់ការឈឺចាប់បណ្តោះអាសន្នប៉ុណ្ណោះ វាមិនអាចជំនួសទំហំប្រេងដ៏ច្រើនមហិមាដែលឆ្លងកាត់ច្រកសមុទ្ទហ័រមូស្សបានឡើយ ឯការជីកព្រែកឆ្លងកាត់ទឹកដីអូម៉ង់ ក៏រឹតតែពិបាកទ្វេដង! ពិបាកខ្លាំងក៏នៅត្រង់ថា ដីទីនោះជាតំបន់ភ្នំ មានកំហាប់ជាតិថ្មរឹងខ្លាំងណាស់ មិនងាយនឹងជីកកកាយធ្វើព្រែកបានងាយស្រួលនោះទេ បើជីកបាន ក៏ត្រូវចំណាយធន់ធានច្រើនដែរ ដូច្នេះហើយ ការជីកព្រែកជំនួសច្រកសមុទ្ទហ័រមូស្ស មនុស្សគ្រប់គ្នាបានត្រឹមតែស្រមៃនឹក ប៉ុន្តែមិនអាចលេចចេញជារូបរាងបានឡើយ។

គួរបញ្ជាក់ថា ទោះច្រកសមុទ្ទហ័រមូស្សមិនមែនជារបស់អ៊ីរ៉ង់ផ្តាច់មុខ ប៉ុន្តែអ៊ីរ៉ង់ជាអ្នកកាន់សោរបិទ-បើកច្រកទឹកឆ្លងដែនមួយនេះជាប់ បើអ៊ីរ៉ង់មិនព្រមបើកច្រកចេញទេ កុំសង្ឃឹមឡើយថា នាវាដឹកប្រេងអាចធ្វើចរាចរឆ្លងកាត់ សូម្បីតែកូនចាបចង់ហើរឆ្លង ក៏ប្រឈមនឹងកាណុងកាំភ្លើង និងមីស៊ីលអ៊ីរ៉ង់ដែរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត