អាជ្ញាធរខេត្តរតនគិរី ព្រមានចាត់វិធានការលើជនណាប្រមូលផលផ្លែសំរ៉ង ហើយកាប់រំលំដើម ឬដុតគល់
L
Linda Sorn
2 ម៉ោងមុន

ក្រុងបានលុង៖ រដ្ឋបាលស្រុកវើនសៃ នៃខេត្តរតនគិរី ព្រមានចាត់វិធានការច្បាប់ទៅលើពលរដ្ឋ ឬជនណា ដែលប្រមូលផលផ្លែសំរ៉ងតាមរយៈការកាប់រំលំដើម ឬដុតគល់ នាំឱ្យបាត់បង់ពូជដើមសំរ៉ង ដែលជាប្រភេទដើមកម្រ និងមានប្រយោជន៍ច្រើនប្រភេទ...។

សមត្ថកិច្ចចុះត្រួតពិនិត្យការកាប់ដើមសំរ៉ង កាលពីកន្លងទៅ
សមត្ថកិច្ចចុះត្រួតពិនិត្យការកាប់ដើមសំរ៉ង កាលពីកន្លងទៅ

ការព្រមាន និងការណែនាំរបស់រដ្ឋបាលស្រុកវើនសៃ ធ្វើឡើងកាលពីថ្ងៃទី៧មេសា ឆ្នាំ២០២៦ បន្ទាប់ពីរដ្ឋបាលស្រុកពិនិត្យឃើញថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ដើមសំរ៉ងបានអំណោយផលផ្លែជារៀងរាល់ឆ្នាំ ប៉ុន្តែទិន្នផលប្រមូលបានតាមបណ្តាឆ្នាំមិនដូចគ្នាទេ ដោយឆ្នាំខ្លះច្រើន និងឆ្នាំខ្លះមានបន្តិចបន្តួច។ រដ្ឋបាលស្រុកបញ្ជាក់ថា៖«មានប្រជាពលរដ្ឋមួយចំនួន បានប្រមូលផលផ្លែសំរ៉ងដោយកាប់រំលំដើម, ដុតគល់, ដុតព្រៃ, ចងខ្សែរឹតគល់ ដោយមិនបានគិតពីការប្រមូលផលយូរអង្វែង បណ្ដាលឱ្យចំនួនដើមសំរ៉ងមានការថយចុះ ពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនេះ ក៏មានឈ្មួញកណ្តាលទទួល ទិញផ្លែសំរ៉ងខ្ចី ដែលជាកត្តាជំរុញឱ្យមានការកាប់បំផ្លាញដើមសំរ៉ងផងដែរ»

សមត្ថកិច្ចចុះត្រួតពិនិត្យការកាប់ដើមសំរ៉ង កាលពីកន្លងទៅ
សមត្ថកិច្ចចុះត្រួតពិនិត្យការកាប់ដើមសំរ៉ង កាលពីកន្លងទៅ

ដើម្បីថែរក្សាដើមសំរ៉ង និងការប្រមូលផលអនុផលផ្លែសំរ៉ងប្រកបដោយនិរន្តរភាព ព្រមទាំង ចូលរួមការពារព្រៃសហគមន៍តំបន់ការពារធម្មជាតិ និងតំបន់ឧទ្យានជាតិវីរជ័យ ឱ្យបានគង់វង្សយូរអង្វែង រដ្ឋបាលស្រុកវើនសៃ ហាមឃាត់ដាច់ខាតរាល់ការប្រមូលផ្លែសំរ៉ងខ្ចី ដោយការបំផ្លាញដើមសំរងតាមគ្រប់រូបភាព និងហាមនាំចូលឧបករណ៍ខុសច្បាប់ អាវុធជាតិផ្ទុះ និងឧបករណ៍សង្ស័យអាចបង្ករជាបទល្មើស មហន្តរាយ ដល់ធនធានធម្មជាតិ (ដើមសំរ៉ង) ដូចជា រណាយន្ត, រណាដៃ, និងពូថៅ ចូលទៅក្នុងព្រៃសហគមន៍តំបន់ការពារធម្មជាតិ នៃឧទ្យានជាតិវីរជ័យ។ ទន្ទឹមនោះ រដ្ឋបាលស្រុក ក៏ហាមឃាត់ដាច់ខាត មិនឱ្យថៅកែ ឬឈ្មួញកណ្តាលប្រមូលទិញផ្លែសំរ៉ងខ្ចី ហើយរាល់អ្នកទិញផ្លែសំរ៉ងលក់ដូរក្នុងស្រុក និងនាំចេញក្រៅស្រុក ត្រូវមកទាក់ទង និងសហការ ជាមួយរដ្ឋបាលស្រុកវើនសៃ ដើម្បីធានាមិនឱ្យមានទិញសំរ៉ងខ្ចី ដែលជាកត្តាជំរុញការកាប់ដើមសំរ៉ង។

សមត្ថកិច្ចចុះត្រួតពិនិត្យការកាប់ដើមសំរ៉ង កាលពីកន្លងទៅ
សមត្ថកិច្ចចុះត្រួតពិនិត្យការកាប់ដើមសំរ៉ង កាលពីកន្លងទៅ

ដោយឡែក ក្នុងករណីរកឃើញមានការប្រព្រឹត្តល្មើស ផ្ទុយនឹងការណែនាំខាងលើ រដ្ឋបាលស្រុកអះអាងថា ស្ថាប័នមានសមត្ថកិច្ច នឹងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន។ គួរបញ្ជាក់ថា ដើមសំរ៉ង ជាប្រភេទរុក្ខជាតិម្យ៉ាងដែលកម្រ និងមានផ្លែលក់ បានតម្លៃខ្ពស់នៅលើទីផ្សារ។ វាជាប្រភេទឈើម្យ៉ាងដែលអំណោយផលពីធម្មជាតិ មានផ្លែអាចបរិភោគបាន អាចយកធ្វើឱសថព្យាបាលជំងឺ កែច្នៃធ្វើជាម្ហូបអាហារ និងនំចំណីបានទៀតផង៕

ផ្លែសំរ៉ង
ផ្លែសំរ៉ង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត