អាជ្ញាធរខេត្តក្រចេះ ដាក់ឱសានវាទឱ្យអ្នកលក់ដូរក្រោមស្ពាន និងលើចំណីផ្លូវលេខ៣៧៧ ត្រូវរុះរើឱ្យអស់មុនថ្ងៃ១០មេសា
S
Sreyleak Yith
3 ម៉ោងមុន

ក្រុងក្រចេះ៖ គណៈបញ្ជាការឯកភាពស្រុកចិត្របុរី នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានចុះណែនាំអ្នកលក់ដូរក្រោមស្ពានមេគង្គក្រចេះ និងអ្នកលក់លើចំណីផ្លូវសាធារណៈ តាមដងផ្លូវលេខ៣៧៧ នៅឃុំបុសលាវ ស្រុកចិត្របុរី ត្រូវប្រញាប់រុះរើចេញឱ្យអស់ជាកំហិតត្រឹមថ្ងៃទី១០មេសាខាងមុខនេះ...។

លោក សេក រុន អភិបាលរងស្រុកចិត្របុរី បានឱ្យដឹងថា កំលុងពេលចុះណែនាំមានចំនួន១១នាក់ ដោយ៨នាក់ ជាអ្នកលក់ដូងក្រោមស្ពានមេគង្គក្រចេះ បានធ្វើកិច្ចសន្យាឈប់លក់ក្រោមស្ពាន និង៣នាក់ទៀត ជាអ្នកលក់ដូរលើចំណីផ្លូវសាធារណៈ ក៏បានធ្វើកិច្ចសន្យារើរុះសម្ភារផ្សេងៗឱ្យផុតពីចំណីផ្លូវ ត្រឹមព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ជាកំហិត។ សូមជម្រាបថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានសារសំខាន់ណាស់ដែលបានតភ្ជាប់ខេត្តក្រចេះ ទៅកាន់ខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងចន្លោះផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។

<br />

​​​ស្ពាននេះ អាចជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ និងការធ្វើដំណើររបស់ប្រជាជនទៅកាន់មន្ទីរពេទ្យ និងសិស្សានុសិស្សទៅសាលារៀនឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។ ដូច្នេះ ការចុះរៀបចំសណ្ដាប់ធ្នាប់បែបនេះ លោកអភិបាលរងបញ្ជាក់ថា ដើម្បីលើកស្ទួយសោភ័ណភាពស្ពាន និងបង្ការគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានទ្បើងជាយថាហេតុណាមួយ ដោយសារនៅតំបន់នោះ មានរថយន្តធំៗបត់ចុះឡើងច្រើន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត