សម្ដេចតេជោ ហ៊ុន សែន ស្នើទូត​​តួកគីផុតអណត្តិ បន្តជួយផ្សព្វផ្សាយកេរ្តិ៍ឈ្មោះកម្ពុជាដល់អ្នកវិនិយោគមកបណ្ដាក់ទុន
S
Soriya Sou
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី អ៊ុលគូ កូសេហ្វី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំនៅកម្ពុជា ក្នុងឱកាសលោកស្រីបញ្ចប់អាណត្តិបេសកកម្ម…។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរចំពោះ លោកស្រី អ៊ុលគូ កូសេហ្វី ក្នុងរយៈពេលនៃបេសកកម្មបានសម្រេចសមិទ្ធផលជាច្រើនសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងតួកគី មកដល់ពេលនេះ ប្រទេសទាំងពីរកំពុងមានទំនាក់ទំនងដ៏ល្អ និងរីកចម្រើនជាបន្តបន្ទាប់ និងបានខិតខំបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្ម វប្បធម៌ និងជើងហោះហើរពីតួកគី ដែលជាចរន្តនៃការគាំទ្រដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងតួកគី ឱ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោ ក៏បានផ្ដាំផ្ញើបន្ថែមដល់លោកស្រីឯកអគ្គរដ្ឋទូត ថា៖«ទោះបីជាលោកជំទាវបានត្រឡប់ទៅវិញក៏ពិតមែន តែសូមបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជានៅក្នុងប្រទេសតួកគី ដោយជួយផ្សព្វផ្សាយពីកម្ពុជាដល់អ្នកវិនិយោគតួកគីដើម្បីមកវិនិយោគ និងមកទស្សនាប្រទេសកម្ពុជា»។

លោកស្រី អ៊ុលគូ កូសេហ្វី បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ និងបានជម្រាបពីសមិទ្ធផលសំខាន់ៗក្នុងអាណត្តិរបស់លោកស្រី សម្រាប់ការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងតួកគី។ ឯកអគ្គរដ្ឋទូតរូបនេះ ជម្រាបសម្ដេចតេជោបន្ថែមថា លោកស្រីជាប់ចិត្តជាមួយប្រជាជនកម្ពុជា ជាពិសេស គឺស្នាមញញឹមរបស់ប្រជាជនកម្ពុជាដែលមិនអាចបំភ្លេចបានឡើយ។ បើទោះបីជាពេលនេះផុតអាណត្តិការងារឈប់ធ្វើជាឯករដ្ឋទូតប្រចាំនៅកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែលោកស្រីនៅតែជាមិត្តរបស់កម្ពុជាអស់មួយជីវិត។ នេះជាសារដែលបង្ហាញពីការពេញចិត្តចំពោះប្រទេសកម្ពុជា ពីសំណាក់លោកស្រី អ៊ុលគូ កូសេហ្វី ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត