
រាជធានីភ្នំពេញ៖ ក្រោយមានការចែកចាយលើបណ្ដាញសង្គម អំពីរូបភាពបុរសឈ្មោះ ឡុង ច័ន្ទវិបុល ប្រើកាំភ្លើងវែង បាញ់សម្លាប់សត្វស្លាប ជាប្រភេទសត្វដែលត្រូវអភិរក្ស ហើយត្រូវមហាជនរិះគន់យ៉ាងខ្លាំងនោះ ពេលនេះ សមត្ថកិច្ចជំនាញ បានហៅបុគ្គលរូបនោះ ទៅសាកសួរហើយ។ សត្វដែលបុរសនោះបាញ់ គឺជាសត្វក្រសារ និងទាព្រៃ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់អង្គភាពសារព័ត៌មាន SBM News តាមតេឡេក្រាម នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ថា មន្រ្តីជំនាញ បានហៅបុគ្គលឈ្មោះ ឡុង ច័ន្ទវិបុល ដែលថៅកែគ្រឿងចក្រ ទៅសាកសួរ។ អ្នកនាំពាក្យបញ្ជាក់ដូច្នេះថា៖«[មន្រ្តី]ខាងក្រោម គឺយើងកំពុងចាត់វិធានការតាមនីតិវិធី..ឥឡូវនេះ អាជ្ញាធរ បានអញ្ជើញគាត់ទៅពិនិត្យរួចហើយ»។

មន្ត្រីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ រហូតចុះទៅដល់លំនៅឋានរបស់បុគ្គលឈ្មោះ ឡុង ច័ន្ទវិបុល ស្ថិតនៅបុរីវិមានភ្នំពេញ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ពេលអាជ្ញាធរចុះទៅដល់ បុរសនោះ មិននៅផ្ទះនោះទេ ហើយសមត្ថកិច្ចបានណែនាំសាមីខ្លួនតាមទូរសព្ទ ដោយតម្រូវឱ្យទៅបង្ហាញខ្លួននៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច៕






