សម្ព័ន្ធមិត្តនាំគ្នាដោះដៃ! អស់ជម្រើស ត្រាំ ដាក់សម្ពាធបង្ខំឱ្យជប៉ុនចេញមុខជួយកម្ទេចអ៊ីរ៉ង់
ហៀប ស៊ីថេត
8 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ នៅថ្ងៃព្រហស្បតិ៍ទី១៩មីនានេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ អាចនឹងប្រើប្រាស់ជំនួបនៅសេតវិមានជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអេ តាកៃឈី ដើម្បីដាក់សម្ពាធសុំជំនួយក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ ការណ៍នេះ បានធ្វើឱ្យជប៉ុនធ្លាក់ស្ថានភាពដ៏លំបាកក្នុងការសម្រេចចិត្ត ថា តើត្រូវជួយ ឬមិនជួយ..? ខណៈសម្ព័ន្ធមិត្តធំៗរបស់អាម៉េរិក នាំគ្នាដោះដៃអស់ទៅហើយ។

លោកស្រី សាណា តាកៃឈី និងលោក ដូណាល់ ត្រាំ
លោកស្រី សាណា តាកៃឈី និងលោក ដូណាល់ ត្រាំ

ក្រោយសម្ព័ន្ធមិត្តធំៗមួយចំនួនដូចជា៖ អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ បដិសេធមិនព្រមចូលរួមក្នុងបេសកកម្មយោធាប្រឆាំងអ៊ីរ៉ង់ បានធ្វើឱ្យលោក ត្រាំ ក្ដៅស្លឹកត្រចៀក និងខឹងសម្បារយ៉ាងខ្លាំង ហើយថែមទាំងបោះសម្តីធ្ងន់ៗថា៖«សហរដ្ឋអាម៉េរិកមិនត្រូវការជំនួយអ្វីទាំងអស់»។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ នៅតែបន្តជំរុញឱ្យមាននាវាបន្ថែមទៀត ដើម្បីបោសសម្អាតមីន និងអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស ដែលភាគច្រើនត្រូវបានបិទដោយអ៊ីរ៉ង់។ បន្ទាប់ពីគ្រប់គ្នាសុទ្ធតែគ្រវីក្បាលមិនព្រមជួយ លោក ត្រាំ ក៏ជួបមេដឹកនាំជប៉ុន លោកស្រី សាណាអេ តាកៃឈី នៅសេតវិមាននាថ្ងៃទី១៩ ខែមីនានេះ។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ជប៉ុន ក៏រំពឹងដែរថា លោក ត្រាំ នឹងស្នើឱ្យរាជធានីតូក្យូផលិត ឬសហការអភិវឌ្ឍមីស៊ីល ដើម្បីជួយបំពេញស្តុកអាវុធរបស់អាម៉េរិក ដែលបានរីងស្ងួតដោយសារសង្គ្រាមនៅអ៊ីរ៉ង់ និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ ទោះជាយ៉ាងនេះក្ដី ខុសស្រឡះពីរដ្ឋធានីវ៉ាស៊ីនតោន រាជធានីតូក្យូ មានទំនាក់ទំនងការទូតជាមួយរដ្ឋធានីតេហេរ៉ង់។ សូមជម្រាបថា លោកស្រី តាកៃឈី បានព្យាយាមនាំជប៉ុនឱ្យរើខ្លួនចេញពី «រដ្ឋធម្មនុញ្ញសន្តិនិយម» ដែលសហរដ្ឋអាម៉េរិក បានប្រើជាចំណងចងជប៉ុនមិនឱ្យផលិតអាវុធ និងប្រមូលផ្តុំកងទ័ព បន្ទាប់ពីសង្គ្រាមលោកលើកទី២។ ដ្បិតថា ជប៉ុនចង់ផ្តាច់ចំណងរដ្ឋធម្មនុញ្ញសន្តិនិយម ប៉ុន្តែអតីតខ្លាកំណាចជំនាន់សង្គ្រាមលោកមួយនេះ មិនចង់យកសង្គ្រាមអ៊ីរ៉ង់ជាឈ្នាន់ឡើយ ខណៈប្រជាជនជប៉ុនក្នុងស្រុកបង្ហាញពីការមិនពេញចិត្ត ប្រសិនបើជប៉ុនផ្តល់ជំនួយជួយបោសសម្អាតមីន នៅច្រកសមុទ្ទហ័រមូស្ស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត