
រាជធានីតូក្យូ៖ កងទ័ពអាកាសសហរដ្ឋអាម៉េរិក បានចាប់ផ្តើមដាក់ពង្រាយជាអចិន្ត្រៃយ៍លើកដំបូងនូវយន្តហោះចម្បាំងជំនាន់ទី៥ ប្រភេទ F-35A ទៅកាន់មូលដ្ឋានទ័ពអាកាសនៅភាគខាងជើងប្រទេសជប៉ុន។ តើមានមូលហេតុអ្វីនៅពីក្រោយខ្នង...?

មិនមែន១០គ្រឿង មិនមែន២០គ្រឿង ហើយក៏មិនមែន៣០គ្រឿងដែរ សហរដ្ឋអាម៉េរិកបានបញ្ជូនស្តេចយន្តហោះបំបាំងកាយ F-35 A ចំនួន៤៨គ្រឿង នៅមូលដ្ឋានទ័ពអាកាសមីសាវ៉ា (Misawa) ភាគខាងជើងប្រទេសជប៉ុន។ ការផ្លាស់ប្ដូរនេះ តំណាងឱ្យការប្រមូលផ្តុំដ៏ធំបំផុតនៃយន្តហោះចម្បាំងកងទ័ពអាកាសអាម៉េរិក ដែលដាក់ពង្រាយជាអចិន្ត្រៃយ៍នៅអាស៊ីបូព៌ា។ នេះមានន័យថា សហរដ្ឋអាម៉េរិកមិនចង់ឱ្យជប៉ុននូវបក្សីចម្បាំងចាស់ៗជំនាន់ទី៤ទេ ពោលគឺសហរដ្ឋអាម៉េរិកចង់ឱ្យជប៉ុនប្រើប្រាស់យុទ្ធោបករណ៍ទំនើបៗ ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ដូចជាស្តេចយន្តហោះចម្បាំងបំបាំងកាយ F-35A ជាដើម។

ស្ថានការណ៍ពិភពលោកប្រែប្រួល ភូមិសាស្ត្រនយោបាយក្រឡាប់ចក្រ ងាយផុយនឹងផ្ទុះសង្គ្រាមណាស់ ម្លោះហើយទោះចង់មិនចង់ អាម៉េរិកត្រូវជួយជប៉ុនពង្រីកសាច់ដុំយោធាឱ្យកាន់តែខ្លាំង ស្របពេលរដ្ឋធានីតូក្យូ មានទីតាំងស្ថិតនៅក្បែរច្រមុះមហាអំណាចនុយក្លេអ៊ែរទាំង៣ទិស គឺ ចិន រុស្ស៊ី និងកូរ៉េខាងជើង ខណៈចិនកំពុងកើនឡើងនៃកងនាវាយន្តហោះចម្បាំងជំនាន់ទី៥ដ៏ទំនើប, រុស្ស៊ីកំពុងដាក់ពង្រាយយន្តហោះចម្បាំងជំនាន់ទី៥ ប្រភេទ Su-57 នៅមូលដ្ឋានទ័ពអាកាសហ្សូមហ្គី (Dzyomgi) ក្បែរច្រមុះជប៉ុន ស្របពេលកូរ៉េខាងជើង បាញ់សាកល្បងអាវុធទំនើបៗបណ្តាក់គ្នាដូចខ្យង។

ធ្លាប់តែជាសត្រូវស៊ីសាច់ហ៊ុតឈាម ពេលនេះអាម៉េរិក-ជប៉ុន ក្លាយជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច។ គួរបញ្ជាក់ថា ជប៉ុនគឺជាប្រទេសតែមួយគត់ដែលធ្វើជាម្ចាស់ផ្ទះនៃការដាក់ពង្រាយជាអចិន្ត្រៃយ៍នូវយន្តហោះ F-35 គ្រប់ប្រភេទរបស់អាម៉េរិក រួមមាន៖ ប្រភេទ F-35A, F-35B និងF-35C៕



