
រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាម៉េរិកជិតសម្រេចបានគោលដៅរបស់ខ្លួនហើយ និងកំពុងពិចារណាកាត់បន្ថយកិច្ចប្រឹងប្រែងផ្នែកយោធានៅក្នុងសង្គ្រាមអ៊ីរ៉ង់។ ជាមួយគ្នា ប្រធានាធិបតីអាម៉េរិករូបនេះ បន្តហៅគេឯងឱ្យជួយការពារច្រកសមុទ្ទហ័រមូស្ស តាមលទ្ធភាពចាំបាច់។

«ច្រកសមុទ្ទហ័រមូស្សនឹងត្រូវការពារ និងត្រួតពិនិត្យតាមការចាំបាច់ ដោយបណ្តាប្រទេសផ្សេងទៀតដែលប្រើប្រាស់វា។ ចំណែកសហរដ្ឋអាម៉េរិក គឺមិនប្រើប្រាស់នោះទេ» នេះជាសម្តីរបស់លោក ត្រាំ តាមរយៈសារដែលបង្ហោះលើបណ្តាញសង្គម Truth Social នៅថ្ងៃទី២១ ខែមីនា។ លោក បន្ថែមទៀតថា ៖«ប្រសិនបើមានការស្នើសុំ យើងនឹងជួយប្រទេសទាំងនោះក្នុងកិច្ចប្រឹងប្រែងនៅច្រកសមុទ្ទហ័រមូស្ស ប៉ុន្តែវាមិនគួរជាការចាំបាច់នោះទេ នៅពេលដែលការគំរាមកំហែងរបស់អ៊ីរ៉ង់ត្រូវបានលុបបំបាត់ទាំងស្រុង»។

រឿងច្រកសមុទ្ទហ័រមូស្សនៅតែជាប្រធានបទក្ដៅ ព្រោះលោក ត្រាំ ហៅគេឱ្យជួយ ប៉ុន្តែគេគ្រប់គ្នានាំគ្នាដោះដៃ ដែលធ្វើឱ្យ ត្រាំ ខឹងសម្បារជាខ្លាំង។ សល់តែជប៉ុនទេ ដែលមិនទាន់សម្រេចចិត្ត ថាជួយ ឬមិនជួយ? តើជប៉ុនអាចនឹងជួយអាម៉េរិកច្បាំងជាមួយអ៊ីរ៉ង់ដែរឬទេ? ហើយថាតើអាម៉េរិកជិតសម្រេចបានគោលដៅក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាពិតមែន ឬគ្រាន់តែជាយុទ្ធសាស្ត្ររបស់លោក ត្រាំ៕





