ជប៉ុនសម្រេចបញ្ចេញប្រេងបម្រុងបន្ទាន់ ដើម្បីទប់នឹងការឡើងថ្លៃប្រេងសកល
N
Nary Vann
16 ម៉ោងមុន

រាជធានីតូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈី បានប្រកាសថា ប្រទេសជប៉ុននឹងចាប់ផ្ដើមបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្ររបស់ខ្លួនយ៉ាងឆាប់បំផុតនៅថ្ងៃចន្ទទី១៦ ខែមីនាខាងមុខ។ វិធានការនេះ គឺជាសកម្មភាពឯកតោភាគីរបស់ជប៉ុន ក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំទីបួនរបស់ពិភពលោក ដើម្បីកាត់បន្ថយសម្ពាធនៃតម្លៃប្រេងឥន្ធនៈ ដែលកំពុងហក់ឡើងខ្លាំង បណ្ដាលមកពីសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។

លោកស្រី សាណាអេ តាកៃឈី 
លោកស្រី សាណាអេ តាកៃឈី 

ជប៉ុន គឺជាប្រទេសពឹងផ្អែកស្ទើរតែទាំងស្រុងលើការនាំចូលប្រេងឆៅ ដោយក្នុងនោះប្រមាណ៩៥ភាគរយនៃតម្រូវការសរុប គឺនាំចូលពីតំបន់មជ្ឈិមបូព៌ា និង៧០ភាគរយត្រូវឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស។ ដោយសារតែចរាចរណ៍តាមច្រកសមុទ្ទដ៏សំខាន់នេះ ជាប់គាំងទាំងស្រុង ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ លោកស្រី តាកៃឈី បានសង្កត់ធ្ងន់ថា ជប៉ុនមិនអាចរង់ចាំការសម្រេចចិត្តរួមគ្នាពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ទៀតបានឡើយ គឺត្រូវតែចាត់វិធានការជាមុន ដើម្បីការពារសេដ្ឋកិច្ចក្នុងស្រុក។ ជប៉ុននឹងបញ្ចេញប្រេងបម្រុងឯកជនសម្រាប់ប្រើប្រាស់រយៈពេល១៥ថ្ងៃ និងប្រេងបម្រុងជាតិសម្រាប់រយៈពេល១ខែបន្ថែមទៀត។

បច្ចុប្បន្ន ជប៉ុនមានប្រេងបម្រុងយុទ្ធសាស្ត្រដ៏ធំបំផុតមួយក្នុងលោក ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានរហូតដល់២៥៤ថ្ងៃ។ រដ្ឋាភិបាលជប៉ុន គ្រោងនឹងរក្សាតម្លៃសាំងឱ្យស្ថិតក្នុងរង្វង់១៧០យ៉េន(ប្រហែល១,០៧ដុល្លារ)ក្នុងមួយលីត្រ ជាតម្លៃទាបជាងមធ្យមភាគកាលពីឆ្នាំមុនបន្តិច។ ការប្រកាសនេះ ធ្វើឡើងមុនពេលលោកស្រី តាកៃឈី ធ្វើដំណើរទៅជួបលោក ដូណាល់ ត្រាំ នៅសេតវិមាន នាសប្តាហ៍ក្រោយ ដើម្បីបញ្ជាក់ពីសាមគ្គីភាពមិនអាចរង្គោះរង្គើបានរវាងប្រទេសទាំងពីរ។ ទោះបីជាជប៉ុនដើរតួជាអ្នកដឹកនាំក្នុងការបញ្ចេញប្រេងមុនគេក៏ដោយ លោកស្រីនាយករដ្ឋមន្ត្រី បញ្ជាក់ថា រាជធានីតូក្យូ នឹងនៅបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រទេស G7 និង IEA ដើម្បីធានាថា ការផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈ នឹងមិនមានការរអាក់រអួលឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត