ក្រុមហ៊ុនអាកាសចរលំដាប់ពិភពលោក Emirates Airlines សន្យាពង្រឹងការតភ្ជាប់ពីកម្ពុជា ទៅកាន់តំបន់មជ្ឈមបូព៌ា និងពិភពលោក
L
Linda Sorn
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោក ហ្វាហាដ អាល់ ហាសាវី (Fahad Al Hassawi) ប្រធានតំណាងក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Emirates Airlines ប្រចាំកម្ពុជា បានឱ្យដឹងពីបំណងចង់ពង្រឹងការតភ្ជាប់ផ្លូវអាកាសពីកម្ពុជាទៅកាន់តំបន់មជ្ឈិមបូព៌ា និងពិភពលោកបន្ថែមទៀត។

ការលើកឡើងរបស់ លោក ហ្វាហាដ អាល់ ហាសាវី ធ្វើឡើងកាលពីពេលថ្មីៗ ក្នុងពេលលោក និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបពិភាក្សាការងារជាមួយ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ ក្នុងជំនួបពិភាក្សាការងារ លោកបានស្នើសុំយោលបល់ពី លោក ហួត ហាក់ ដើម្បីឱ្យក្រុមហ៊ុនអាចចូលរួមចំណែកកាន់តែសកម្មក្នុងការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេស តាមរយៈការពង្រឹងការតភ្ជាប់តាមផ្លូវអាកាស តាមរយៈជើងហោះហើរត្រង់របស់ក្រុមហ៊ុនពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប។ នាឱកាសនោះ លោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគាំទ្រយ៉ាងពេញទំហឹងដល់វិស័យទេសចរណ៍កម្ពុជា និងសន្យាពង្រឹងការតភ្ជាប់ផ្លូវអាកាសពីកម្ពុជា ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីតភ្ជាប់ទៅកាន់ពិភពលោកទាំងមូល។

ជាកិច្ចឆ្លើយតប លោក ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Emirates Airlines ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាស និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរពីគ្រប់ទិសទីមកកាន់កម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានស្នើឱ្យក្រុមហ៊ុនឱ្យបន្តកិច្ចសហការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោកបន្ថែមទៀត តាមរយៈការផលិតវីដេអូខ្លីៗ ការរៀបចំដំណើរកម្សាន្តសិក្សា (FAM Trip) និងការផ្សព្វផ្សាយវីដេអូតាមបណ្តាញផ្សព្វផ្សាយនានារបស់ក្រុមហ៊ុនជាដើម។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៥ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់កម្ពុជា ទៅកាន់ពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុន មានការតភ្ជាប់ជើងហោះហើរប្រចាំថ្ងៃពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ សរុបចំនួន១៤ជើង ក្នុងមួយសប្តាហ៍។ ចំពោះប្រតិបត្តិការជើងហោះហើរតភ្ជាប់មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលមានសរុបចំនួន ៦ជើង ក្នុងមួយសប្តាហ៍៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត