រយៈពេល២ថ្ងៃ អាជ្ញាធរអន្តររាជធានី-ខេត្ត ក្រសោបបានជនបរទេសជិត៤០០នាក់ ពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញស្កេម
ហាក់ អ៊ីឌី
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជនបរទេសជិត៤០០នាក់ ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការឆបោកលុយឆ្លងប្រទេស ឬអនឡាញស្កេម ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ, ខេត្តកែប និងរាជធានីភ្នំពេញ...។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា យុទ្ធនាការបោសសម្អាតនេះ ធ្វើឡើយរយៈពេលពីរថ្ងៃជាប់គ្នា ពោលគឺចាប់ពីថ្ងៃទី០៦ដល់ទី០៧​ ខែមេសា ឆ្នាំ២០២៦ ដោយកងកម្លាំងគណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន៣ សហការជាមួយស្ថាប័នអយ្យការ បើកការឆ្មក់បង្ក្រាបនៅតាមទីតាំងក្នុងដែនសសមត្ថកិច្ចរបស់ខ្លួន ដោយក្រសោបានជនបរទេសចម្រុះជាតិសាសន៍សរុបចំនួន៣៩៨នាក់។ ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញចំនួន២១៨នាក់, ខេត្តបន្ទាយមានជ័យចំនួន១៣៩នាក់ និងខេត្តកែបចំនួន១៤នាក់ផងដែរ។  

ជាមួយគ្នានេះ ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ជនបរទេសទាំងនោះ បានធ្វើសកម្មភាពឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំជាមន្ត្រីនគរបាល។ ចំណែកមួយផ្នែកទៀត ក្រោមរូបភាពលួងលោមស្នេហា (ROMANCE SCAMS) និងឆបោកក្រោមរូបភាពវិនិយោគ លើគោលដៅទៅកាន់ប្រទេសដទៃទៀត ដោយយកប្រទេសកម្ពុជា ធ្វើជាទីតាំងនៃមជ្ឈមណ្ឌលឆបោក។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង៣ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត