ត្រាំ ប្រកាសពីភាពជោគជ័យ១០០ភាគរយលើអ៊ីរ៉ង់ ក្រោយកិច្ចព្រមព្រៀងឈ.ប់.បា.ញ់
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសយ៉ាងក្ដៅគគុកថា សហរដ្ឋអាម៉េរិក សម្រេចបាននូវជ័យជម្នះទាំងស្រុង និងពេញលេញ បន្ទាប់ពីអ៊ីរ៉ង់យល់ព្រមលើបទឈប់បាញ់រយៈពេល២សប្តាហ៍ ដើម្បីបញ្ចៀសការបំផ្លិចបំផ្លាញនៃសង្រ្គាម។

  លោក ដូណាល់ ត្រាំ
  លោក ដូណាល់ ត្រាំ

នៅក្នុងកិច្ចសម្ភាសតាមទូរសព្ទ លោក ត្រាំ បានបង្ហាញក្ដីជឿជាក់យ៉ាងមុតមាំថា៖«វាគឺជាជ័យជម្នះ១០០ភាគរយ គ្មានអ្វីត្រូវសង្ស័យឡើយ!»។ លោកបង្ហើបថា ប្រទេសចិន គឺជាអ្នកដើរតួសំខាន់ក្នុងការបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យមកអង្គុយតុចរចា ហើយលោកបានសង្កត់ធ្ងន់ថា បញ្ហាស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់របស់អ៊ីរ៉ង់ នឹងត្រូវបានចាត់ចែងយ៉ាងហ្មត់ចត់បំផុត។ ទោះបីជាភាគីអ៊ីរ៉ង់ អះអាងពីជ័យជម្នះរបស់ខ្លួនដូចគ្នា និងមានមន្ទិលសង្ស័យជាច្រើនជុំវិញខ្លឹមសារពិតប្រាកដនៃកិច្ចព្រមព្រៀងក៏ដោយ ក៏លោក ត្រាំ នៅតែមានទំនុកចិត្តខ្ពស់។ លោកបានបញ្ជាក់ពីចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងរួមមាន ក្របខ័ណ្ឌចរចា១៥ចំណុច ដែលលោកអះអាងថា ភាគច្រើនត្រូវបានព្រមព្រៀងរួចរាល់ហើយ។

លោកប្រធានាធិបតីរូបនេះបញ្ជាក់ថា សំណើ១០ចំណុចពីខាងអ៊ីរ៉ង់ គឺជាអ្វីដែលអាចនឹងព្រមព្រៀងគ្នាបាន ហើយការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ គឺជាលក្ខខណ្ឌចម្បងដែលមិនអាចខ្វះបាន ដើម្បីស្ដាររំហូរប្រេងសកល។ យ៉ាងណា នៅពេលត្រូវបានចោទសួរថា តើលោកនឹងត្រឡប់ទៅប្រើការគំរាមកំហែងកម្ទេចរោងចក្រអគ្គិសនី និងស្ពានរបស់អ៊ីរ៉ង់វិញដែរឬទេ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបរាជ័យ? ត្រាំ មិនបានឆ្លើយចំៗនោះទេ ដោយគ្រាន់តែប្រាប់ឱ្យពិភពលោកតាមដានបន្តទៀត។ គួរបញ្ជាក់ថា បទឈប់បាញ់នេះ កើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលឱសានវាទរបស់លោក ត្រាំ ក្នុងការវាយប្រហារកម្ទេចរបបតេហេរ៉ង់ត្រូវផុតកំណត់ ដែលវាត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រដើរក្បែរមាត់ជ្រោះសង្គ្រាម ដើម្បីបង្ខំឱ្យសត្រូវចុះចាញ់តាមលក្ខខណ្ឌរបស់លោក៕

រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត