ត្រាំ ប្រកាសបទឈប់បាញ់២សប្តាហ៍ជាមួយអ៊ីរ៉ង់នៅនាទីចុងក្រោយ មុនឱសានវាទកម្ទេចតេហេរ៉ង់ឈានមកដល់
N
Nary Vann
19 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ពិភពលោកទាំងមូលបានដកដង្ហើមដោយក្ដីធូរស្រាល នៅព្រឹកថ្ងៃទី៨ ខែមេសានេះ បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ព្រមព្រៀងជាមួយអ៊ីរ៉ង់ លើបទឈប់បាញ់រយៈពេល២សប្តាហ៍ ដែលជាការបន្ធូរបន្ថយភាពតានតឹងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ត្រឹមរយៈពេលមិនដល់២ម៉ោង មុនឱសានវាទកម្ទេចវាយហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ីរ៉ង់ចូលមកដល់...។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

តាមរយៈបណ្ដាញសង្គម Truth Social ត្រាំបានសរសេរថា៖«នេះនឹងក្លាយជាបទឈប់បាញ់ទ្វេភាគី! មូលហេតុដែលយើងធ្វើបែបនេះ គឺដោយសារយើងបានសម្រេចលើសពីគោលដៅយោធាដែលបានកំណត់ ហើយយើងកំពុងដើរទៅមុខឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងជាមួយអ៊ីរ៉ង់ និងសន្តិភាពនៅមជ្ឈិមបូព៌ា»។ កិច្ចព្រមព្រៀងនៅនាទីចុងក្រោយនេះ ត្រូវបានសម្របសម្រួលដោយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ (Shehbaz Sharif) ដោយគ្រោងអញ្ជើញគណៈប្រតិភូគូទំនាស់ទាំងសងខាង ឱ្យមកជួបគ្នានៅរដ្ឋធានីអ៊ីស្លាម៉ាបាដ នាថ្ងៃសុក្រខាងមុខ។ ចំណុចសំខាន់ៗនៃបទឈប់បាញ់រួមមាន៖ អ៊ីរ៉ង់យល់ព្រមបញ្ឈប់ការបិទខ្ទប់ និងផ្ដល់ផ្លូវសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនប្រេងតាមច្រកសមុទ្ទហ័រមូស្ស។ ចំណែកឯអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក យល់ព្រមផ្អាកការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ និងលីបង់ ខណៈភាគីទាំងពីរមានពេល២សប្តាហ៍ ដើម្បីសម្រេចកិច្ចព្រមព្រៀងសន្តិភាពជាស្ថាពរ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាឈី (Abbas Araqchi) បានបញ្ជាក់ថា រដ្ឋធានីតេហេរ៉ង់ នឹងបញ្ឈប់ការវាយប្រហារសងសឹក និងធានាសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនថាមពលតាមច្រកសមុទ្ទហ័រមូស្ស ដែលជាសរសៃឈាមប្រេងរបស់ពិភពលោក។ យ៉ាងណាមិញ ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានហៅកិច្ចព្រមព្រៀងនេះ ថា ជាជ័យជម្នះលើសហរដ្ឋអាម៉េរិក ខណៈសេតវិមានបានវាយបកវិញថា គឺកម្លាំងយោធាដ៏ខ្លាំងក្លារបស់ ត្រាំ ទេ ដែលបង្ខំឱ្យអ៊ីរ៉ង់ព្រមចុះចាញ់ និងបើកផ្លូវទឹកឡើងវិញ។

ភ្លាមៗក្រោយការប្រកាស គេនៅតែឮសូរគ្រាប់មីស៊ីលផ្ទុះឡើងក្នុងទីក្រុង Tel Aviv និងការកម្រើកប្រព័ន្ធការពារអាកាសនៅបណ្ដាប្រទេសឈូងសមុទ្ទអារ៉ាប់ ដែលសបញ្ជាក់ថា ភ្លើងសង្គ្រាមមិនទាន់រលត់ទាំងស្រុងនៅឡើយទេ។ ដំណឹងនៃបទឈប់បាញ់នេះ បានធ្វើឱ្យទីផ្សារសកលមានភាពរស់រវើកឡើងវិញ ដោយតម្លៃប្រេងឆៅបានដាំក្បាលចុះយ៉ាងគំហុកមកត្រឹមតម្លៃទាបបំផុត ចាប់តាំងពីចុងខែមីនាមក ខណៈសន្ទស្សន៍ភាគហ៊ុនសហរដ្ឋអាម៉េរិក បានហក់ឡើងខ្ពស់ភ្លាមៗ។ សង្រ្គាមដែលអូសបន្លាយអស់រយៈពេល៦សប្តាហ៍ បានផ្ដាច់ជីវិតមនុស្សជាង៥០០០នាក់ រួមទាំងជនស៊ីវិលជាង១៦០០នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត