សមត្ថកិច្ចខេត្តក្រចេះ ចុះបង្ក្រាបទីតាំងធ្វើអាជីវកម្មចម្រាញ់យកមាសប្រើសារធាតុគីមី
S
Sreyleak Yith
2 ម៉ោងមុន

ក្រុងក្រចេះ៖ ក្រោយទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ មន្ត្រីជំនាញផ្នែករ៉ែ និងថាមពលខេត្តក្រចេះ កម្លាំងនគរបាលការិយាល័យសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាបទីតាំងធ្វើអាជីវកម្ម ដែលប្រើប្រាស់សារធាតុគីមី ចម្រាញ់យកមាសខុសច្បាប់មួយកន្លែង ក្នុងភូមិអូត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ នៅព្រឹកថ្ងៃទី៧មេសា។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សម្នាក់ បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកអូរគ្រឿងសែនជ័យ។

ប្រជាពលរដ្ឋ លើកឡើងថា ពួកគាត់មានការព្រួយបារម្ភណាស់ នៅពេលឃើញសកម្មភាព នៃការធ្វើអាជីវកម្មមាស នៅចំណុចទីតាំងខាងលើ ដែលបានប្រើប្រាស់សារធាតុគីមី ធ្វើឱ្យមានក្លិនស្អុយសាយភាយ។ ហើយបើនៅពេលមានភ្លៀងធ្លាក់ គឺទឹកភ្លៀងហូរច្រោះសារធាតុនោះចូលទៅក្នុងអូរ ហើយធ្លាក់បន្តទៅព្រែកកាំពី ដែលមានប្រជាពលរដ្ឋប្រើប្រាស់ជាច្រើនប្រឈមនឹងការប៉ះពាល់បញ្ហាសុខភាពទាំងមនុស្ស និងសត្វ។ ប្រជាពលរដ្ឋ បន្ថែមថា ក្នុងកាធ្វើអាជីវកម្មមាសនេះ គឺមានជនជាតិវៀតណាមម្នាក់ឈ្មោះ រ៉ា និងបក្ខពួកមួយក្រុមទៀត បានជួលដីចម្ការស្វាយចន្ទីមួយកន្លែងនៅចំណុចទីតាំងខាងលើ និងធ្វើអាងស្តុកទុកសារធាតុគីមី។

ប្រជាពលរដ្ឋ បានប្រាប់រឿងនេះ ទៅដល់ក្រុមអ្នកសារព័ត៌មាន និងបានរាយការណ៍ទៅកាន់មន្ត្រីជំនាញ។ ក្រោយមក ក្រុមអ្នកសារព័ត៌មាន បានចុះទៅថតរូប និងវីដេអូ ហើយសមត្ថកិច្ច ក៏បានចុះទៅដែរ ដោយយកគ្រឿងចក្រកាយលុបទីតាំងនោះ និងរឹបអូសយកខ្សាច់ ដែលក្រុមឈ្មួញប្រមូលទិញមកស្តុកទុក សម្រាប់ចម្រាញ់យកមាស ទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ដោយគ្មានការលើកលែង៕

រាយការណ៍ដោយ លោក សារី ណែត ទីភ្នាក់ងារ SBM News ប្រចាំខេត្តក្រចេះ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត