
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្សនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់គង់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន មិនទាន់អាចយាងមកមាតុប្រទេសវិញបាន ប៉ុន្តែទោះជាយ៉ាងណា នៅថ្ងៃទី៨ ខែមេសានេះ ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូនពរជនរួមជាតិក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ...។

ក្នុងព្រះរាជសារ ព្រះមហាក្សត្រ ទ្រង់សម្ដែងនូវព្រះរាជហឫទ័យ ថ្វាយព្រះពរដល់សម្តេចសង្ឍទាំងពីរគណ ព្រះថេរានុត្ថេរៈៈគ្រប់ព្រះអង្គ និងប្រសិទ្ធពរជ័យដល់បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ ព្រះរាជសារ ក៏បានបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យមួយដែលមានអត្ថន័យធំធេង ប្រារព្ធឡើងយ៉ាងអធិកអធម ដើម្បីអបអរសាទរចំពោះការចាប់ផ្តើមនៃឆ្នាំថ្មី និងបង្សុកូលឧទ្ទិសកុសលដល់បុព្វការីជន បង្កើនភាពស្និទ្ធស្នាលរវាងសមាជិកគ្រួសារ ចងសម្ព័ន្ធមេត្រីភាពរវាងអ្នកស្រុក-ភូមិជិតឆ្ងាយ និងសហគមន៍ ដោយជូនពរគ្នាទៅវិញទៅមកឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងជីវិត។

មួយវិញទៀត ពិធីសង្ក្រាន្តឆ្នាំថ្មី ក៏បានបង្ហាញអត្តសញ្ញាណ អរិយធម៌របស់ជាតិខ្មែរ បណ្ដុះស្មារតីសាមគ្គីភាពជាតិ ថែរក្សា ការពារ ស្រឡាញ់ទំនៀមទម្លាប់ប្រពៃណីឱ្យនៅគង់វង្សតរៀងទៅ។ សូមរំឭកថា អង្គព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានយាងចាកចេញពីប្រទេសកម្ពុជា ទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ចាប់តាំងតែពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦មកម្ល៉េះ៕


