
រដ្ឋធានីសេអ៊ូល៖ ប្រធានាធិបតី លោក លី ជេម្យ៉ុង (Lee Jae Myung) បានប្រកាសថា ប្រទេសកូរ៉េខាងត្បូង នឹងបោះទុនវិនិយោគយ៉ាងខ្លាំងក្លាលើបច្ចេកវិទ្យាយន្តហោះចម្បាំងទំនើបៗ ដើម្បីពង្រឹងវិស័យការពារជាតិបន្ថែមទៀត។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរយន្តហោះចម្បាំងដំបូងបង្អស់ដែលផលិតក្នុងស្រុកប្រភេទ KF-21 Boramae នៅទីស្នាក់ការក្រុមហ៊ុន Korea Aerospace Industries (KAI) ក្នុងក្រុង Sacheon។

លោកប្រធានាធិបតី លី បានបញ្ជាក់ថា កូរ៉េខាងត្បូងនឹងចាប់ផ្ដើមអភិវឌ្ឍគ្រឿងម៉ាស៊ីន គ្រឿងបង្គំ និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មយន្តហោះបច្ចេកវិទ្យាខ្ពស់ដោយខ្លួនឯងឱ្យបានឆាប់រហ័សបំផុត។ យោងតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី យន្តហោះចម្បាំងជំនាន់ទី៤.៥ ដ៏ទំនើបនេះ នឹងត្រូវប្រគល់ជូនកងទ័ពអាកាសកូរ៉េខាងត្បូង ដើម្បីដាក់ពង្រាយក្នុងប្រតិបត្តិការការពារដែនអាកាសនៅខែកញ្ញាខាងមុខនេះ។ ជោគជ័យនៃគម្រោង KF-21 នេះ បានធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតនៅលើលោក ដែលមានសមត្ថភាពផលិតយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេងដោយខ្លួនឯង។

ទន្ទឹមនឹងមោទនភាពជាតិ កូរ៉េខាងត្បូងក៏កំពុងសម្លឹងមើលទីផ្សារនាំចេញផងដែរ ដោយក្រុមហ៊ុន KAI បានបង្ហើបថា ខ្លួនកំពុងស្ថិតក្នុងកិច្ចពិភាក្សាជាមួយប្រទេសឥណ្ឌូណេស៊ីលើការលក់យន្តហោះចម្បាំងនេះ ទោះបីជាការសម្រេចចិត្តចុងក្រោយមិនទាន់មាននៅឡើយក្ដី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ខាងមុខនេះ។ កាលពីខែវិច្ឆិកាកន្លងទៅ លោក លី ធ្លាប់បានប្រាប់លោក ប្រាបូវ៉ូ ថា លោកសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការលើសន្តិសុខយោធា ជាពិសេស គឺការរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងនេះតែម្ដង៕





