
រាជធានីភ្នំពេញ៖ កន្លងមក កម្ពុជាតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បានដាក់សំណើជាច្រើនលើកទៅកាន់ភាគីថៃ ឱ្យចូលរួមកិច្ចប្រជុំពិសេស និងបញ្ជូនក្រុមការងារជំនាញ ដើម្បីចុះវាស់វែងព្រំដែនលើដីជាក់ស្ដែងជាមួយកម្ពុជា ដូចដែលធ្លាប់ព្រមព្រៀងគ្នាកន្លងមក។ ថៃមិនបានខ្វាយខ្វល់នឹងសំណើកម្ពុជាទេ ដោយបានប្រើលេសថា ចាំបង្កើតគណៈរដ្ឋមន្រ្តីថ្មីរួចសិន ហើយឆ្លៀតធ្វើសកម្មភាពបង្កហេតុឈ្លានពានយកទឹកដីកម្ពុជាបន្ថែម...។

ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ។ តាមពិតទៅ ថៃបានបង្កើតរាជរដ្ឋាភិបាលថ្មីរួចមួយរយៈហើយ ចាំមើលពេលនេះ តើថៃហ៊ានចូលរួមប្រជុំ និងវាស់វែងព្រំដែនតាមបច្ចេកទេសជាមួយកម្ពុជាដែរឬទេ? ខណៈកាលពីថ្ងៃទី៧មេសា ឆ្នាំ២០២៦ កម្ពុជាបានផ្ញើកំណត់ទូតសាជាថ្មីទៅគណៈកម្មការ JBC ថៃ ស្នើរៀបចំកិច្ចប្រជុំពិសេសនៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២២មេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។

ស្របតាមកិច្ចព្រមព្រៀងនាពេលកន្លងមក កម្ពុជាបន្តស្នើឱ្យថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែងនៅកាលបរិច្ឆេទសមស្របចន្លោះពីថ្ងៃទី២០ដល់ថ្ងៃទី២៤មេសា ដើម្បីបន្តអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្តខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។ បញ្ជូនក្រុមវាស់វែងចម្រុះ សាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា និងវាស់វែង, បោះបង្គោលបណ្តោះអាសន្ននៅ កំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), កំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 14-17 (តំបន់អូរស្មាច់), តំបន់អានសេះ, តំបន់ថ្មដា និងតំបន់ព្រំដែនផ្សេងទៀត។

គណៈកម្មការ JBC កម្ពុជា ប្រកាសជាថ្មីថា ភាគីកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្កាទៅនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ និងការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងអនាគត៕



