
រាជធានីភ្នំពេញ៖ កម្ពុជាកំពុងរង់ចាំការរៀបចំសមាសភាពថ្មី របស់គណៈកម្មការចម្រុះព្រំដែន (JBC) ពីខាងភាគីថៃ ដើម្បីដោះស្រាយបញ្ហាទំនាស់ព្រំដែនដោយសន្តិវិធី បន្ទាប់ពីថៃបានពន្យារពេលកិច្ចប្រជុំមិនកំណត់ ហើយបែរជាយកពេលទៅបង្កើតបញ្ហាឱ្យកាន់តែក្ដៅ នៅតាមបណ្ដោយព្រំដែនទៅវិញ…។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី៨តុលាបានមានប្រសាសន៍ថា កំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេស លើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅខេត្តកោះកុង កាលពីថ្ងៃទី១០កញ្ញា ចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ បានបញ្ជាក់ច្បាស់ថា បញ្ហាទាក់ទងនឹងការគ្រប់គ្រងព្រំដែន ជាពិសេស ពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចម្រុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន។

ក្នុងនោះភាគីទាំងពីរ បានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាពនៅកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះព្រំដែន (JBC) ហើយបានប្រគល់ភារកិច្ចដល់គណៈកម្មការធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ពិភាក្សាពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចម្រុះព្រំដែន (JBC)។ បើតាមសម្ដេចធិបតី កិច្ចប្រជុំ JBC ត្រូវបានខកខានចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥មក ក្រោមមូលហេតុរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ពីខាងភាគីថៃ។ យ៉ាងណាក៏ដោយ កម្ពុជាសង្ឃឹមថា នឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗខាងមុខ ដើម្បីដោះស្រាយបញ្ហានេះ។ នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរគុល បានថ្លែងកាលពីថ្ងៃទី៧តុលាថា ការសម្រេចពន្យារពេលមិនកំណត់ នៃកិច្ចប្រជុំ JBC គឺមានហេតុផលនៅពីក្រោយ ហើយភ្នាក់ងារពាក់ព័ន្ធត្រូវបានអនុញ្ញាតឱ្យដំណើរការទៅតាមនោះ។

ជាការកត់សម្គាល់ ថៃមិនមែនលើកពេលតែកិច្ចប្រជុំ JBC ទេ ប៉ុន្តែកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ក៏ថៃបានលើកពេលដូចគ្នា ខណៈកម្ពុជាបានផ្ញើលិខិតអញ្ជើញជាច្រើនលើក។ មិនចូលរួមកិច្ចប្រជុំ JBC និង RBC ជាមួយកម្ពុជា ថៃបែរជាព្យាយាមយកពេលទៅបង្ករឿងធ្វើឱ្យស្ថានការណ៍នៅតាមព្រំដែនកាន់តែក្ដៅទៅវិញ ដោយការរាយបន្លាលួស បង្កហិង្សាដាក់ពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ បាញ់គ្រាប់ផ្លោងលើទីតាំងកងកម្លាំងកម្ពុជា។ ឯថ្មីៗនេះ ភាគីថៃ ថែមទាំងបានដាក់លក្ខខណ្ឌឱ្យកម្ពុជាផ្ញើផែនការជម្លៀសប្រជាពលរដ្ឋ នៅភូមិខាងលើឱ្យខ្លួនត្រឹមថ្ងៃទី១០តុលា មិនដូច្នេះ ថៃនឹងមិនចូលរួមកិច្ចប្រជុំ RBC ទេ។ តើនេះឬ ជាចេតនាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានសន្តិភាព ដូចអ្វីដែលភាគីថៃតែងតែនិយាយប្រាប់អន្តរជាតិ? ខណៈទង្វើនេះ ត្រូវបានគេមើលឃើញថា ជាចេតនាចង់បង្ករឿង និងជាការឈ្លានពានចង់បានទឹកដីកម្ពុជា៕





