
ខេត្តចន្ទបុរី៖ ដូចការគ្រោងទុក កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ ត្រូវបានចាប់ផ្តើមដំណើរការនៅថ្ងៃទីអង្គារទី២១ ខែតុលា ឆ្នាំ២០២៥ ម៉ោងប្រមាណជាង១២ថ្ងៃត្រង់ នៅខេត្តចន្ទបុរី ទោះបីមានការតវ៉ាឡាំប៉ាឱ្យលើកពេលកិច្ចប្រជុំពីសំណាក់ពលរដ្ឋថៃជ្រុលនិយម ដែលស្រឡាញ់សង្គ្រាមឈ្លានពានរបស់ខ្លួនយ៉ាងណាក្ដី...។

មុនកិច្ចប្រជុំចាប់ផ្តើម ពោលគឺនៅកំលុងពេលគណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ អញ្ជើញទៅចូលរួមកិច្ចប្រជុំនេះ សារព័ត៌មានថៃបានរាយការណ៍ពីសកម្មភាពពលរដ្ឋជ្រុលនិយមខ្លួន ដឹកនាំដោយ លោក ពិចិត្រ ជ័យមង្គល ប្រមូលផ្តុំគ្នីគ្នាតវ៉ា នៅម៉ោងប្រមាណជាង៧ព្រឹក ក្នុងខេត្តចន្ទបុរី ដើម្បីទាមទារឱ្យពន្យារពេលកិច្ចប្រជុំ នៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ហៅកាត់ថា JBC នេះ។ ទោះយ៉ាងណាក៏ដោយ កិច្ចប្រជុំនៅព្រឹកថ្ងៃទី២១តុលានេះ នៅតែអាចបន្តទៅមុខបាន ដោយភាគីថៃ ដឹកនាំដោយ លោក ប្រៈសាសន៍ ប្រៈសាសន៍វិនិច្ឆ័យ (ประศาสน์ ประศาสน์วินิจฉัย) ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។

កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ គឺមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែតុលា នឹងជជែកពិភាក្សាលើរបៀបវារៈមួយចំនួន ពាក់ព័ន្ធកិច្ចការព្រំដែន ព្រមទាំងពិនិត្យតាមដានវឌ្ឍនភាព ដែលសម្រេចបានក្នុងកិច្ចប្រជុំកន្លងទៅ ដែលរៀបចំឡើងនៅកម្ពុជា កាលពីថ្ងៃទី១៤ និង១៥មិថុនា ឆ្នាំ២០២៥។ ទន្ទឹមគ្នានោះ គណៈប្រតិភូ ក៏មិនភ្លេចលើកយកលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលសម្រេចបាននៅខេត្តកោះកុង កាលពីថ្ងៃទី១០កញ្ញា មកជជែកពិភាក្សាដូចគ្នា។

គួរកត់សម្គាល់ថា ក្នុងពេលដែលកិច្ចប្រជុំធំៗចំនួន២ រវាងកម្ពុជា-ថៃ គឺកិច្ចប្រជុំ (GBC)និង(JBC) កំពុងដំណើរការ ដើម្បីបង្ហាញនូវកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនទ្វេភាគី មុន [កិច្ចព្រមព្រៀងសន្តិភាព] ដែលនឹងត្រូវចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខ ទាំងមន្ត្រី និងពលរដ្ឋជ្រុលនិយមថៃមួយចំនួន ហាក់មានចេតនាបង្កើនភាពតានតឹង និងដាក់សម្ពាធ។ ជាក់ស្តែង ក្នុងថ្ងៃដដែលនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថៈផុន ណាក់ផានិច្ច បានចេញមកប្រកាសថា ប្រសិនបើកិច្ចប្រជុំគណៈកម្មាធិការទាំងពីរនេះមិនជោគជ័យ ថៃនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនោះទេ។ មន្ត្រីដដែលរូបនេះបន្ថែមថា នឹងឈប់ចូលប្រជុំបន្តទៀត ដោយសំអាងថា នាំឱ្យខាតបង់ប្រាក់ប្រទេសខ្លួនយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ ខាវសដ នៅព្រឹកថ្ងៃអង្គារនេះ៕




