តើអាម៉េរិកប្រើយុទ្ធសាស្ត្រពិសេសៗអ្វីខ្លះ ទើបអាចរំដោះអាកាសយានិកចេញពីក្រញ៉ាំខ្លាកំណាចអ៊ីរ៉ង់..?
ហៀប ស៊ីថេត
11 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ពិភពលោកទាំងមូលហាក់កំពុងស្រឡាំងកាំង និងបើកភ្នែកធំៗ ក្រោយអាថ៌កម្បាំងនៃបេសកកម្មជួយសង្គ្រោះដ៏ឆ្កួតលីលា និងប្រថុយប្រថានខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រយោធាសហរដ្ឋអាម៉េរិក ត្រូវបានលាតត្រដាងជាសាធារណៈ។ នោះគឺទិដ្ឋភាពដ៏រន្ធត់ ព្រឺព្រួច និងតក់ស្លុត ដែលមិនធ្លាប់មានពីមុនមក នៅពេលដែលមហាអំណាចយោធាលេខ១លើលោក សម្រេចចិត្តបើកប្រតិបត្តិការមួយមានឈ្មោះថា «ហែកមេឃ រំកិលភ្នំ» វាយលុកសម្រុកចូលទៅរំដោះអាកាសយានិកតែម្នាក់គត់ ចេញពីក្រញ៉ាំខ្លាកំណាចអ៊ីរ៉ង់ដល់ក្នុងរូង...។

តើមានប្រទេសណាហ៊ានធ្វើដូច្នេះបានទៅ..? តើមានប្រទេសណា ហ៊ានប្រថុយជីវិតយោធារាប់រយនាក់ និងជះលុយរាប់រយលានដុល្លារ ដើម្បីរំដោះអាយុជីវិតយោធាតែម្នាក់គត់ពីក្នុងកណ្តាប់ដៃសត្រូវ..? លើលោកនេះ ទំនងជាមានតែសហរដ្ឋអាម៉េរិកមួយប៉ុណ្ណោះ! តាមរយៈរូបភាពវីដេអូ និងរបាយការណ៍ស៊ើបអង្កេតដែលទើបនឹងលេចចេញ បានបង្ហាញឱ្យឃើញនូវមហិច្ឆតារបស់យោធាសហរដ្ឋអាម៉េរិក ដែលសុខចិត្តដុតកម្ទេចថវិការាប់រយលានដុល្លារ និងបោះបង់យុទ្ធោបករណ៍ទំនើបៗចោលនៅក្នុងសមរភូមិ ដើម្បីតែគោលដៅមួយគត់គឺ «នាំយកយុទ្ធជនដែលកំពុងស្ថិតក្នុងមាត់ជ្រោះមច្ចុរាជ ត្រឡប់ទៅផ្ទះវិញឱ្យបាន ទោះត្រូវចំណាយក្នុងតម្លៃណាក៏ដោយ»។ បេសកកម្មនេះ មិនត្រឹមតែជាការសង្គ្រោះអាយុជីវិតអាកាសយានិកម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កប់នូវភាពខ្លាំង និងភាពអស្ចារ្យរបស់យោធាសហរដ្ឋអាម៉េរិក នោះក៏ព្រោះតែអាម៉េរិកធ្វើឱ្យពិភពលោកបើកភ្នែកធំៗ សម្លឹងមើលមិនដាក់ទៅកាន់សមត្ថភាពនៃការវាយឆ្មក់ចូលទៅក្នុងបេះដូងសត្រូវ ទាំងកណ្តាលថ្ងៃត្រង់ និងយប់អាធ្រាត្រយ៉ាងហានក្លាបំផុត។

គេនៅចាំបានថា ភាពតក់ស្លុត និងភាពរន្ធត់ព្រឺព្រួច បានចាប់ផ្តើមឡើង នៅពេលដែលបក្សីចម្បាំង F-15E Strike Eagle មួយគ្រឿងបានធ្លាក់ក្នុងទឹកដីសត្រូវនៃប្រទេសអ៊ីរ៉ង់។ អាកាសយានិក២នាក់ បានប្រើសមត្ថភាពដ៏អស្ចារ្យលោតចេញពីយន្តហោះទាន់ពេលវេលា ប៉ុន្តែសំណាងមិនល្អ ពួកគេបានធ្លាក់ចុះនៅចំណុចដាច់ដោយឡែកពីគ្នា ចំកណ្តាលតំបន់ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ នេះហើយ..ជាចំណុចចាប់ផ្តើមនៃបេសកកម្ម «ហែកមេឃ រំកិលភ្នំ» ដ៏មហិមា ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រយោធាអាម៉េរិក ដើម្បីដណ្តើមយកជីវិតយុទ្ធជនចេញពីក្រញ៉ាំខ្លាកំណាចអ៊ីរ៉ង់មកវិញ។ ដោយសារតែអ៊ីរ៉ង់បានប្រកាសផ្តល់ប្រាក់រង្វាន់ដល់ទៅ៦ម៉ឺនដុល្លារ សម្រាប់អ្នកចាប់ខ្លួនយោធាអាម៉េរិកបាន។ ដូច្នេះ វាជាសមីការដ៏លំបាកមួយរបស់សហរដ្ឋអាម៉េរិក។ មេបញ្ជាការកងទ័ពអាម៉េរិក គ្មានជម្រើសអ្វីក្រៅពីការប្រើប្រាស់កម្លាំងបាយនោះឡើយ។  

កងកម្លាំងពិសេសចម្រុះរបស់សហរដ្ឋអាម៉េរិកជាង១០០នាក់ រួមមាន៖ ក្រុមប្រតិបត្តិការជើងគោកសម្ងាត់បំផុត Delta Force, មនុស្សកង្កែប Navy SEALs, ទេវតារក្សាជីវិត Air Force PJs និងក្រុមអ្នកប្រមាញ់រាត្រី 160th SOAR ត្រូវបានបញ្ជូនចូលទៅដើម្បីសម្រេចគោលដៅតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ យោធាសហរដ្ឋអាម៉េរិក ថែមទាំងបានទុកផ្លូវក្រោយ តាមរយៈការស្តុកប្រេង និងគ្រាប់កាំភ្លើងបណ្តោះអាសន្ន នៅជិតក្រុងអ៊ីហ្វាសាន (Isfahan) ដែលជាបេះដូងនៃតំបន់យោធាអ៊ីរ៉ង់ផងដែរ។ ពេញមួយយប់ ការប្រយុទ្ធគ្នាយ៉ាងសាហាវបានកើតឡើង។ យន្តហោះវាយប្រហារ A-10 Thunderbolt II និងដ្រូន MQ-9 Reaper បានហោះសំកាំងការពារពីលើមេឃ ដោយបាញ់កម្ទេចក្បួនរថយន្តយោធាអ៊ីរ៉ង់ ដែលព្យាយាមរុលចូលទៅរាំងស្ទះប្រតិបត្តិការយោធាសហរដ្ឋអាម៉េរិក។

ដើម្បីបង្វែងដាន និងលេងសៀករហ័សកម្មថ្ពិនភ្នែកសត្រូវ អាកាសយានិកត្រូវបានសង្គ្រោះយ៉ាងលឿនដោយឧទ្ធម្ភាគចក្រ HH-60W Jolly Green II ហោះទម្លុះអាកាស ជ្រែកតាមជ្រលងដងភ្នំនៅរយៈកម្ពស់ទាប ធ្វើឱ្យភ្នែករ៉ាដា និងមីស៊ីលអ៊ីរ៉ង់ ព្រិលភ្នែករកមើលអ្វីមិនឃើញ។ ទីបំផុត បេសកកម្មនេះទទួលបានជោគជ័យ ក្នុងការនាំយកជីវិតអាកាសយានិកម្នាក់ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែតម្លៃដែលត្រូវខាតបង់ គឺមិនតិចឡើយ។ ជាក់ស្តែង យន្តហោះដឹកជញ្ជូនខ្នាតយក្ស MC-130J Commando II ចំនួន២គ្រឿង បានជួបបញ្ហាបច្ចេកទេសនៅកន្លែងចុះចត។ ដើម្បីកុំឱ្យបច្ចេកវិទ្យាធ្លាក់ក្នុងកណ្តាប់ដៃសត្រូវ កងទ័ពសហរដ្ឋអាម៉េរិក បានសម្រេចចិត្តបំផ្ទុះកម្ទេចយន្តហោះទាំងនោះនៅនឹងកន្លែង ចំណែកឧទ្ធម្ភាគចក្រ ដែលមានរហ័ស្សនាមកូនបក្សីតូច MH-6 Little Bird មួយគ្រឿង ក៏ត្រូវបានកម្ទេចចោល នៅមុនពេលដកថយផងដែរ។

ក្រៅពីនេះ យន្តហោះ A-10 មួយគ្រឿង ត្រូវបានអ៊ីរ៉ង់បាញ់ឱ្យខូចខាតធ្ងន់ធ្ងរ រហូតដល់អាកាសយានិកត្រូវបង្ខំចិត្តលោតចេញនៅតំបន់សមុទ្ទ ហើយដ្រូន MQ-9 Reaper មួយគ្រឿងទៀត ត្រូវបានបាញ់ទម្លាក់ ដោយកងឆ្មាំបដិវដ្តន៍អ៊ីរ៉ង់។ យ៉ាងណា ទោះបីជាខាតបង់គ្រឿងយុទ្ធោបករណ៍មានតម្លៃរាប់រយលានដុល្លារ និងជាការបាត់បង់យន្តហោះចម្បាំងទំនើបៗក្នុងដីអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែសម្រាប់សហរដ្ឋអាម៉េរិក វាគឺជាជោគជ័យដ៏ធំធេង។ ប្រតិបត្តិការនេះ បានបង្ហាញឱ្យឃើញថា មិនថាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់កម្រិតណា ឬត្រូវចំណាយថវិកាច្រើនប៉ុណ្ណាទេ កងទ័ពអាម៉េរិក នឹងធ្វើគ្រប់យ៉ាងដើម្បីធានាថា យុទ្ធជនរបស់ខ្លួននឹងមិនត្រូវបានបោះបង់ចោលក្នុងទឹកដីសត្រូវឡើយ។ បច្ចុប្បន្ន អាកាសយានិកទាំង២រូប បានត្រឡប់ទៅដល់មូលដ្ឋានទ័ពដោយសុវត្ថិភាពហើយ ខណៈពិភពលោកកំពុងជជែកដេញដោលគ្នា អំពីទំហំនៃប្រតិបត្តិការដ៏មិនគួរឱ្យជឿមួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត