
រាជធានីភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អះអាងថា ចំណូល៧០ភាគរយ ដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទទួលបានពីការពិន័យ ត្រូវបានប្រើប្រាស់ដើម្បីធានានិរន្តរភាពការងារជំនាញ ដូចជា ការជួសជុលសម្ភារ ជាដើម។

នាយកដ្ឋាននគរបាលចរាចរណ៍ ចេញសេចក្តីបំភ្លឺ នៅថ្ងៃអង្គារទី៧មេសា ឆ្នាំ២០២៦ ក្រោយសង្កេតឃើញមួយរយៈពេលកន្លងមកនេះ មានការរិះគន់មួយចំនួនលើបណ្តាញទំនាក់ទំនងសង្គម ជុំវិញប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍។ នាយកដ្ឋាន ប្រកាសបដិសេធមតិរិះគន់ទាំងឡាយណាដែលមិនមានមូលដ្ឋានច្បាស់លាស់ មកលើមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដែលកំពុងបំពេញភារកិច្ចដោយមិនគិតពេលយប់ ឬថ្ងៃ ក្នុងគោលបំណងរួមចំណែកថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ។ ឆ្លើយតបនឹងការរិះគន់ នាយកដ្ឋានបញ្ជាក់ថា កិច្ចប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់របស់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក គឺមានភាពអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

នាយកដ្ឋានបន្តថា បច្ចុប្បន្ន សមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោក កំពុងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ស្របតាមអនុសាសន៍ណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស ថេត អគ្គស្នងការនគរបាលជាតិ សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ នាយកដ្ឋានអះអាងថា៖«ចំណូលចំនួន៧០ភាគរយ ដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទទួលបានពីការពិន័យអន្តរការណ៍ តាមស្មារតីនៃប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមស្មារតីនៃប្រកាសអន្តរក្រសួ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺត្រូវបានប្រើប្រាស់ដើម្បីធានានិរន្តរភាពការងារជំនាញ ដូចជាការជួសជុល ថែទាំឧបករណ៍ ឬសម្ភារជំនាញ និងមធ្យោបាយដឹកជញ្ជូន»។

ទន្ទឹមនឹងនោះ កន្លងមក អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្ម ក្រោមរូបភាពព្រមាន បន្ថយឋានន្តរស័ក្តិ តួនាទី ឬបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ក្នុងករណីធ្ងន់ធ្ងរ។ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងនាយកដ្ឋាននគរបាលចរាចរណ៍ បានក្រើនរំលឹកជាប្រចាំដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្នុងក្របខ័ណ្ឌទូទាំងប្រទេសអំពីវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបថទំនាក់ទំនងជាមួយប្រជាពលរដ្ឋផងដែរ៕



