
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក លោក អូលីវ្យេ រីឆា (Olivier Richard) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។

ក្នុងជំនួបនេះ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅលើចំណុចគន្លឹះមួយចំនួន រួមទាំងការជំរុញការវិនិយោគផ្ទាល់ពីបារាំងផងដែរ។ លោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តក្នុងការចូលរួមសម្របសម្រួល និងរៀបចំវេទិកាធុរកិច្ចនានា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនបារាំង និងដៃគូក្នុងស្រុកឱ្យកាន់តែជិតស្និទ្ធ។ លោក ស៊ុន ចាន់ថុល បានជម្រាបប្រាប់លោកឯកអគ្គរដ្ឋទូតថា កម្ពុជាមានសក្តានុពលវិនិយោគ, ភាពអនុគ្រោះនៃច្បាប់ស្តីពីវិនិយោគ, និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការកម្ពុជា-សហរដ្ឋអាម៉េរិក ដែលនេះសុទ្ធតែជាកត្តាដែលផ្តល់នូវភាពទាក់ទាញ ដល់ក្រុមហ៊ុនធំៗពីប្រទេសបារាំង។

លោកបានបញ្ជាក់ពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់កន្លងមក។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា និងបានជូនពរឱ្យបេសកកម្មការទូតរបស់លោក អូលីវ្យេ រីឆា នៅកម្ពុជាទទួលបានជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ៕





