
រាជធានីភ្នំពេញ៖ វត្ថុបុរាណខ្មែរចំនួន២០ ដែលក្រសួងវប្បធម៌ និងអ្នកពាក់ព័ន្ធបានទាមទារពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី ពេលនេះ រតនវត្ថុទាំងនោះត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញហើយ។ នេះបើតាមការឱ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅរសៀលថ្ងៃទី៧មេសានេះ..។

ក្រសួងវប្បធម៌ គូសបញ្ជាក់ថា សមុច្ច័យដែលប្រគល់មកវិញសាងពីថ្មភក់ និងសំរឹទ្ធ ដូចជា រូបបដិមាសម័យបាយ័ន ដែលគេជឿថា មានប្រភពដើមមកពីអតីតរាជធានីយសោធារបុរៈ ឬ(ក្រុងអង្គរធំ)។ សម្បត្តិវប្បធម៌ទាំងនេះ មិនត្រឹមតែជាវត្ថុសិល្បៈទេ តែជាសាក្សីរស់នៃបញ្ញាញាណរបស់បុព្វបុរស និងដួងព្រលឹងនៃអរិយធម៌ខ្មែរ ដែលនឹងផ្តល់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា។ ការប្រគល់មកវិញនូវវត្ថុបុរាណទាំងនេះ សបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់មេដឹកនាំកម្ពុជា ក្នុងការបន្តស្វែងរកយុត្តិធម៌ សម្រាប់បេតិកភណ្ឌវប្បធម៌របស់ខ្លួន។

ក្រសួងសង្កត់ធ្ងន់ថា៖«កម្ពុជាមានក្ដីរំភើបចំពោះការវិលត្រឡប់មកវិញ នៃព្រលឹងដូនតាខ្មែរ មកកាន់មាតុភូមិកំណើត។ សមិទ្ធផលនេះ បានបញ្ជូនសារយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាបន្តរួបរួមគ្នាជាធ្លុងមួយក្នុងការ ការពារមរតកវប្បធម៌របស់ខ្លួនសម្រាប់មនុស្សជាតិទាំងមូល»។ ជាមួយគ្នាផងដែរ ក្រសួងវប្បធម៌បានបន្ថែមថា ដំណើរការទាមទារអាចសម្រេចទៅបាន ដោយមានការចូលរួមជ្រោមជ្រែងពីអ្នកជំនាញនៃក្រុមការងារស្រាវជ្រាវដែលបានផ្តល់ប្រឹក្សា និងរៀបចំការចរចា រហូតឈានដល់ការប្រគល់វត្ថុបុរាណមកកម្ពុជាវិញ៕




