
រដ្ឋធានីប៉ារីស៖ ក្នុងកាលៈទេសៈដែលភាគីថៃ នៅបន្តព័ទ្ធយកដី និងផ្ទះពលរដ្ឋខ្មែរ ប្រមុខការទូតកម្ពុជា បានថ្លែងអំណរគុណប្រមុខការទូតបារាំង គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយមិនប្រើកម្លាំងយោធាប្រយុទ្ធ និងជ្រើសយកយន្តការណ៍ច្បាប់អន្តរជាតិ...។

តាមរយៈជំនួបផ្ទាល់មុខទ្វេភាគីជាមួយ លោក ជៀន ណូអែល បារ៉ុត (Jean-Noël Barrot) រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសប្រទេសបារាំង នៅរដ្ឋធានីប៉ារីស កាលពីថ្ងៃទី២៥កុម្ភៈម្សិលមិញ។ លោកឧបនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ជាមួយគ្នា លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង សម្រាប់ការគាំទ្រឥតងាករេ ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។ ពាក់ព័ន្ធនឹងជម្លោះថៃឈ្លានពានកម្ពុជា ប្រទេសបារាំង បានយល់ព្រមផ្តល់ឯកសារ និងបច្ចេកទេសពាក់ព័ន្ធព្រំដែនអន្តរជាតិ (សន្ធិសញ្ញាឆ្នាំ១៩០៤-១៩០៧) ដើម្បីជួយកម្ពុជា ដោះស្រាយជម្លោះដោយសន្តិវិធី។

សូមរំឭកថា ចាប់តាំងពាក់កណ្តាលឆ្នាំ២០២៥ យោធាថៃ បានបើកប្រតិបត្តិការពង្រីកខ្លួនឈ្លានពានរំលោភកាន់កាប់តំបន់ព្រំដែនជាច្រើនកន្លែងរបស់កម្ពុជា បង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធយោធារថៃ ត្រូវបានសាងសង់ឡើង រួមមាន ការរាយបន្លាលួស និងដាក់ទូរកុងតឺន័ររារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជាជាង៨ម៉ឺននាក់ គិតមកដល់ខែកុម្ភៈនេះ ពួកគេនៅតែរស់ក្នុងជំរំជនភៀសសឹក ទោះបីបទឈប់បាញ់លើកទី២ រវាងកម្ពុជា-ថៃ ត្រូវបានព្រមព្រៀងតាំងតែពីចុងខែធ្នូ ឆ្នាំ២០២៥៕






