រដ្ឋមន្រ្តីវប្បធម៌ ស្នើថៃគោរពសន្យាប្រគល់វត្ថុបុរាណខ្មែរ២០ដុំមកកម្ពុជាវិញ ខណៈថ្លៃដឹកជញ្ជូនកម្ពុជាអ្នកចំណាយ
S
Soriya Sou
9 ខែមុន

រាជធានីភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើដល់លោកស្រី ផែថងថាន ឈិនៈវ័ត រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ ប្រគល់វត្ថុបុរាណទាំង២០ដុំមកកម្ពុជាវិញ ដូចដែលធ្លាប់បានព្រមព្រៀងគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ...។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា

ការស្នើរបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា ធ្វើឡើងក្រោយលោកស្រី ផែថងថាន ឈិនៈវ័ត បានប្រកាស ថា ថៃសម្រេចមិនប្រគល់វត្ថុបុរាណចំនួន២០ដុំមកកម្ពុជាវិញទេ ក្រោមហេតុផលខ្វះថវិកាដឹកជញ្ជូន។ តាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី៦កក្កដា ឆ្នាំ២០២៥ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានរំឭកដល់លោកស្រី ផែថងថាន រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី កាលពីថ្ងៃទី២៣មេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ថៃ បានប្រកាសរួមគ្នាដោយឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតកដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញ។ ពេលនោះ ភាគីទាំងពីរកម្ពុជា-ថៃ ក៏បានឯកភាពគ្នាដោយកំណត់កាលបរិច្ឆេទប្រគល់-ទទួលផ្លូវការ និងនីតិវិធីនានា នៅរាជធានីបាងកក ក្នុងខែកក្កដា ឆ្នាំ២០២៥។ 

រូបភាពពី Internet
រូបភាពពី Internet

ភាគីទាំងពីរ បានឯកភាពគ្នាទៀតថា ក្រោយពិធីប្រគល់-ទទួល ការដឹកជញ្ជូនវត្ថុបុរាណពីប្រទេសថៃមកប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៥ ហើយរាល់ចំណាយនៃការដឹកជញ្ជូនជាបន្ទុករបស់កម្ពុជា ពោលពុំពាក់ព័ន្ធនឹងបន្ទុកថវិកាណាមួយរបស់ក្រសួងវប្បធម៌ថៃឡើយ។ «អាស្រ័យហេតុនេះ ខ្ញុំសុំស្នើឱ្យក្រសួងវប្បធម៌ថៃ អនុវត្តទៅតាមកិច្ចព្រមព្រៀង និងពេលវេលាដែលបានកំណត់ ចៀសវាងការអូសបន្លាយពេលវេលាតទៅមុខទៀត»។ លោកស្រីបានបញ្ជាក់ជាថ្មីថា ភាគីកម្ពុជានឹងទទួលរ៉ាប់រងទាំងស្រុងនូវរាល់ការចំណាយពាក់ព័ន្ធនឹងការដឹកជញ្ជូននេះមកវិញ។ 

លោកស្រី ផែថងថាន ឈិនៈវ័ត នាយករដ្ឋមន្រ្តីថៃ
លោកស្រី ផែថងថាន ឈិនៈវ័ត នាយករដ្ឋមន្រ្តីថៃ

សូមជម្រាបថា កាលពីថ្ងៃទី៤កក្កដា រដ្ឋមន្ត្រីក្រសួងវប្បធម៌ថ្មី លោកស្រី ផែថងថាន ឈិនៈវ័ត បានអះអាងថា ប្រទេសថៃនឹងពន្យារពេលប្រគល់វត្ថុបុរាណចំនួន២០ដុំមកកម្ពុជាវិញ ក្រោមហេតុផលការកើនឡើងនៃភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ស្របពេលក្រសួងវប្បធម៌ថៃ កំពុងជួបបញ្ហាខ្វះថវិកាផងដែរ។ វត្ថុបុរាណដែលថៃគ្រោងប្រគល់ជូនកម្ពុជា ហើយក៏បានប្រែចិត្តមិនប្រគល់មកវិញនោះ ភាគច្រើនជាចម្លាក់តូចៗ ដែលត្រូវបានរត់ពន្ធចេញពីប្រទេសកម្ពុជា អស់រយៈពេលជាយូរមកហើយ៕

រូបភាពពី Internet
រូបភាពពី Internet
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត