សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រៀបចំពិព័រណ៍៣ខែ តាំងបង្ហាញវត្ថុបុរាណជិត៦០
S
Sreyleak Yith
មួយឆ្នាំមុន

ខេត្តសៀមរាប៖​​ ​ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ បានរៀបចំពិព័រណ៍តាំងបង្ហាញវត្ថុសិល្បះបុរាណខ្មែរចំនួន៥៧ដែលបានមកពីការធ្វើកំណាយបុរាណវិទ្យានៅស្ថានីយភូមិល្វា ព្រៃក្មេង និងភ្នំគូលែន។​​ នេះបើយោងតាមអាជ្ញាធរជាតិអប្សរានៅរសៀលថ្ងៃទី៤ធ្នូ​​ ឆ្នាំ២០២៤

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា​​ ការរៀបចំពិព័រណ៍នេះមានរយៈពេល៣ខែ ពោលគឺចាប់តាំងពីថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២៤ ដោយគ្រោងនឹងបញ្ចប់នៅចុងខែមករាឆ្នាំ២០២៥ខាងមុខ។​​​​ វត្ថុសិល្បៈដែលបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ មានខ្លះយកមកពីភូមិល្វា និងព្រៃក្មេង ជាស្ថានីយសម័យបុរេប្រវត្តិសាស្រ្ត ដែលវត្ថុទាំងអស់គឺយកចេញពីផ្នូរសពដោយមានចិញ្ចៀន ក្រវិល និងកងដៃសំរិទ្ធ។ ហើយក្នុងនោះក៏មានកណ្តឹង ចង្ក្រង់ និងកាក់ធ្វើអំពីសំរិទ្ធ ខ្នារអំបោះ និងគ្រាប់លុញធ្វើពីឥដ្ឋដុត។ រីឯមួយចំនួនទៀតយកមកពីភ្នំគូលែន មាន​​សន្លឹកមាស ត្បូង ត្រាធ្វើអំពីថ្ម អង្កាំ បន្ទះសំរិទ្ធ និងផ្លែកាំបិត។ វត្ថុទាំងនេះកំណាយយកចេញពីកន្លែងខុសៗគ្នាពីប្រាសាទ បន្ទាយ និងពើងថ្មជាដើម។

អាជ្ញាធរជាតិអប្សរា​ បន្ថែមថាសារមន្ទីរបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ ពីម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច។ ការតាំងបង្ហាញនេះផ្តល់ភាពងាយស្រួលដល់សារធារណជនដែលចង់យល់ដឹងអំពីប្រវត្តិសាស្រ្តតាមរយៈវត្ថុសិល្បៈផ្សេងៗដែលបុព្វបុរសយើងធ្លាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងកិច្ចគោរពបូជា។  សូមជម្រាបថា​ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បើកដំណើរការចាប់តាំងពីឆ្នាំ២០០៨​​ មានអាសយដ្ឋាននៅតាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ60ម៉ែត្រ) ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​។ សារមន្ទីរនេះបានកសាងឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា​​ និងសាកលវិទ្យាល័យសូហ្វីយ៉ាដោយទទួលបានការឧបត្ថមថវិកាពីក្រុមហ៊ុនអ៊ីអុង (AEON) របស់ប្រទេសជប៉ុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត