សូត្រជិត២០០ផ្ទាំង និងវត្ថុបុរាណខ្មែរ​ នៅវិទ្យាស្ថានអាស៊ីអាគ្នេយ៍ហុងគ្រី នឹងមាតុភូមិនិវត្តន៍មកកម្ពុជាវិញ
S
Sreyleak Yith
21 វិច្ឆិកា 2025 03:15 AM

រាជធានីភ្នំពេញ៖ វាយនភណ្ឌសូត្រខ្មែរចំនួន១៨៣ផ្ទាំង និងគ្រឿងអលង្ការ អង្កាំ កាក់ ព្រមទាំងវត្ថុប្រើប្រាស់ដូចជា សំរិទ្ធ ថ្ម និងដីដុត នៅក្នុងវិទ្យាស្ថានអាស៊ីអាគ្នេយ៍ហុងគ្រី នឹងមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ នេះបើយោងតាមការឱ្យដឹងពីមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីយប់ថ្ងៃទី២០វិច្ជិកា…។

មន្រ្តីវប្បធម៌ គូសបញ្ជាក់ថា ក្រោយការចរចាអស់រយៈពេលជាច្រើនឆ្នាំ ក្នុងការទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ត្រឡប់មកវិញ ជាលទ្ធផល លោក István Zelnik ជនជាតិហុងគ្រី អ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈនៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរ បានធ្វើកិច្ចព្រមព្រៀងជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ប្រគល់រតនវត្ថុសិល្បៈខ្មែរមកវិញ។ មន្រ្តីវប្បធម៌ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោក István Zelnik ដោយការប្រគល់វត្ថុបុរាណខ្មែរដោយស្ម័គ្រចិត្តនេះ គឺជាកាយវិការមួយដែលគួរទុកជាគំរូ។

មន្រ្តីវប្បធម៌អំពាវនាវ និងលើកទឹកចិត្ត ដល់គ្រប់អ្នកកាន់កាប់សមុច្ច័យឯកជន ក៏ដូចជាស្ថាប័ននានាលើពិភពលោក ដែលកំពុងរក្សាទុកវត្ថុបុរាណខ្មែរ សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗ ក្នុងការសម្របសម្រួលប្រគល់សម្បត្តិវប្បធម៌ខ្មែរ មកប្រទេសដើមកំណើត។ សូមជម្រាបថា នេះមិនមែនជាលើកទីមួយទ្បើយ ដែល លោក Zelnik ប្រគល់វត្ថុសិល្បៈខ្មែរមកកម្ពុជាវិញ ជាក់ស្តែង កន្លងមកលោកក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរមួយចំនួនដែរ ថែមទាំងចូលរួមវិភាគទាន ដ៏សំខាន់ក្នុងគម្រោងស្រាវជ្រាវបុរាណវិទ្យា និងការបោះពុម្ពស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាច្រើនពាក់ព័ន្ធនឹងបេតិកភណ្ឌវប្បធម៌ សិលាចារឹក និងសិល្បៈខ្មែរសម័យទំនើប៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត