កម្រឃើញបំផុត! មេដឹកនាំកូរ៉េខាងត្បូង-ខាងជើង ត្រជាក់ចិត្ត និងនិយាយពាក្យពីរោះដាក់គ្នា
Mao Sopha
12 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ ធ្លាប់តែសម្ញែញមីស៊ីល ធ្លាប់តែប្រើពាក្យគំរាម តែពេលនេះ លោក គី ជុងអ៊ុន (Kim Jong Un) មេដឹកនាំកំពូលកូរ៉េខាងជើង ហាក់ទន់ចិត្តបន្តិច ហើយប្រើភាសាស្រួលស្តាប់ ដែលគេសឹងតែមិនធ្លាប់ឮ ទៅកាន់លោក លី ជេម្យុង (Lee Jae Myung) ប្រធានាធិបតីកូរ៉េខាងត្បូង។ មិនមែនសុខៗ លោក គីម ជុងអ៊ុន ស្រាប់តែបន្ទន់ឥរិយាបថ និងនិយាយពាក្យពីរោះពិសាដោយគ្មានមូលហេតុឡើយ នោះក៏ព្រោះតែ លី ជេម្យុង ជាអ្នកចាប់ផ្តើមមុន។

លោក លី និងលោក គីម 
លោក លី និងលោក គីម 

អ្នកប្រហែលជានៅចាំ! តាំងពីឆ្នាំ២០២៥មក មានដ្រូនហោះចូលកូរ៉េខាងជើងជាបន្តបន្ទាប់ ម្តងហើយម្តងទៀត។ កូរ៉េខាងជើង អះអាងថា ដ្រូនទាំងនោះ មានប្រភពចេញមកពីកូរ៉េខាងត្បូង។ រហូតដល់អំឡុងខែកុម្ភៈ ឆ្នាំ២០២៦ កូរ៉េខាងត្បូង ក៏សារភាពជាសាធារណៈថា ដ្រូនទាំងនោះ ពិតជាចេញពីប្រទេសខ្លួនមែន (គឺជនស៊ីវិលជាអ្នកបង្ហោះ) ហើយលោក លី ជេម្យុង ក្នុងឋានៈជាប្រធានាធិបតី ក៏បានសុំទោស និងបង្ហាញការសោកស្តាយទៅកាន់កូរ៉េខាងជើង។

ប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើង
ប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើង

លោក គីម ជុងអ៊ុន បានហៅការសុំទោស និងការសោកស្តាយរបស់លោក លី ជេម្យុង ថាជា«ឥរិយាបថរបស់បុរសស្មោះត្រង់ និងមានចិត្តទូលំទូលាយ»។ ពាក្យសរសើរនេះ មិនមែនលោក គីម ជុងអ៊ុន និយាយផ្ទាល់មាត់នោះទេ តែគេឃើញតាមរយៈសេចក្តីថ្លែងការណ៍ចេញដោយប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គឺលោកស្រី គីម យ៉ូជុង (Kim Yo Jong)។ សេចក្តីថ្លែងការណ៍របស់លោកស្រី ត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

លោកស្រី គីម យ៉ូជុង
លោកស្រី គីម យ៉ូជុង

សារព័ត៌មាន ប្ល៊ូមប៊ើក (Bloomberg) របស់អាម៉េរិក ផ្សាយថា ការសរសើររបស់មេដឹកនាំកូរ៉េខាងជើង ទៅកាន់មេដឹកនាំកូរ៉េខាងត្បូង គឺជាលើកទី១ហើយ។ កូរ៉េខាងជើង និងកូរ៉េខាងត្បូង ជាបងប្អូនសាច់ឈាមតែមួយ ប៉ុន្តែក្រោយចប់សង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥ កូរ៉េ ក៏ចាប់ផ្តើមឈ្លោះកាប់ចាក់គ្នាឯង រហូតពុះបំបែកប្រទេសជា២ និងក្លាយជាសត្រូវគ្នាមកដល់បច្ចុប្បន្ន។

កូរ៉េក្នុងសម័យសង្គ្រាមលោកលើកទី២
កូរ៉េក្នុងសម័យសង្គ្រាមលោកលើកទី២

ក្នុងអត្ថបទរបស់ខ្លួនដដែល សារព័ត៌មាន ប្ល៊ូមប៊ើក សរសេរថា ការឆ្លើយតបទៅកាន់គ្នាជាមួយឥរិយាបថសមរម្យ និងភាសាសមគួរដ៏កម្រនេះ មានលក្ខណៈផ្សះផ្សាគ្នា។ ទោះយ៉ាងណា សារព័ត៌មានអន្តរជាតិមួយនេះ មិនភ្លេចរំលេចសារព្រមានរបស់លោកស្រី គីម យ៉ូជុង នោះទេ ថាបើមានសកម្មភាពបង្កហេតុបន្តទៀត កូរ៉េខាងជើង នឹងឆ្លើយតបវិញដោយកម្លាំងខ្លាំងក្លាទៅកាន់កូរ៉េខាងត្បូង៕ 

កូរ៉េខាងជើង បាញ់សាកល្បងអាវុធ
កូរ៉េខាងជើង បាញ់សាកល្បងអាវុធ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត