មជ្ឈមណ្ឌលឆបោកដ៏ធំនៅកណ្ដាលរាជធានីមួយ ត្រូវបានអាជ្ញាធរចុះក្រសោបបានជនបរទេសជាង២០០នាក់ យកទៅអនុវត្តច្បាប់
ហាក់ អ៊ីឌី
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជនបរទេសចម្រុះជាតិសាសន៍ជាង២០០នាក់ ត្រូវអាជ្ញាធរចុះបង្ក្រាប ក្រោយជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកប្រាក់ ស្ថិតនៅទីតាំង ខុនដូ ភ្នំពេញកាឡាក់សុីហ្គាដេន ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី០៦មេសា ម្សិលមិញ...។

បេសកកម្មនេះ ធ្វើឡើងដោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ពីលោក ជា សា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី បើកការឆ្មក់បង្ក្រាបទីតាំងខាងលើដោយក្រសោបបានជនបរទេសសរុបចំនួន២១៨នាក់ (ក្នុងនោះមានស្រី១០នាក់) ដោយមាន០៦សញ្ជាតិ រួមមាន៖ ជនជាតិចិន ជប៉ុន វៀតណាម បង់ក្លាដេស ឡាវ និងជនជាតិឥណ្ឌាផងដែរ។ 

ទោះយ៉ាងណា ផ្អែកតាមការស្រាវជ្រាវរបស់មន្ត្រីជំនាញ រកឃើញថា ជនបរទេសទាំងនោះ បានធ្វើសកម្មភាពឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុន និងមានគោលដៅទៅកាន់ជនជាតិជប៉ុនដោយផ្ទាល់តែម្ដង។ ចំណែកមួយផ្នែកទៀត ក្រោមរូបភាពលួងលោមស្នេហា (ROMANCE SCAMS) និងឆបោកក្រោមរូបភាពវិនិយោគ លើគោលដៅប្រទេសប៉ាគីស្ថាន ,បង់ក្លាដេស និង វៀតណាម។ បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត