
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតអបអរសាទរជូនចំពោះ លោក តូ ឡាំ (To Lam) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សម្តេចតេជោ ទំនងជាថ្នាក់ដឹកនាំដំបូងគេ ដែលបានផ្ញើសារអបអរទៅកាន់ លោក តូ ឡាំ ភ្លាមៗបន្ទាប់ពីជាប់ឆ្នោត...។

ក្នុងសារផ្ញើរទៅកាន់ លោក តូ ឡាំ ប្រមុខរដ្ឋស្តីទីកម្ពុជា សម្ដែងការអបអរសាទរដោយស្មោះអស់ពីដួងចិត្ត។ សម្តេចតេជោ ថែមទាំងពណ៌នាថា៖«ការបោះឆ្នោតជ្រើសរើស [លោក តូ ឡាំ] ឱ្យកាន់តំណែងខ្ពស់បំផុតនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាអ្នក ដឹកនាំដ៏ល្អពិសេស និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់[លោក តូ ឡាំ]ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងវិបុលភាពកាន់តែធំធេងនៃប្រទេសរបស់[លោក]»។ ក្នុងន័យនេះ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ជឿថា ក្រោមការដឹកនាំរបស់ លោក តូ ឡាំ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងត្រូវពង្រឹង ហើយអភិវឌ្ឍឈានដល់កម្រិតកាន់តែខ្ពស់។

បន្ថែមពីលើសារអបអរសាទរ សម្តេចតេជោ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក តូ ឡាំ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដើម្បីឧត្តមប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ និងដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព វិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ ទន្ទឹមគ្នា សម្តេចតេជោ បង្ហាញសេចក្តីពេញចិត្តយ៉ាងខ្លាំងចំពោះការពិតដែលថា ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសកម្ពុជា-វៀតណាម ត្រូវបានកសាងឡើងលើគ្រឹះដ៏រឹងមាំនៃសាមគ្គីភាព ការជឿជាក់ ការយោគយល់គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

ហាក់មិនខុសគ្នា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃដដែលនេះ ក៏បានផ្ញើសារដាច់ដោយឡែកមួយទៀត សម្ដែងការអបអរសាទរយ៉ាងស្មោះសរជូនចំពោះ លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលបានជាប់ឆ្នោតជាប្រធានាធិបតីមីយ៉ាន់ម៉ា(ឬភូមា)ផ្លូវការ នៅថ្ងៃទី៣មេសា ឆ្នាំ២០២៦។ សម្តេចតេជោ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើន ព្រមទាំងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលត្រូវបានផ្សារភ្ជាប់យ៉ាងជ្រៅដោយភាពជារួមនៃសាសនា និងវប្បធម៌ ក៏ដូចជាការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់ថា៖«ទំនាក់ទំនងទាំងនេះ និងកិច្ចសហប្រតិបត្តិការនឹងបន្តអភិវឌ្ឍក្នុងអាណត្តិរបស់[លោក មីន អ៊ុងឡាំង] ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ[កម្ពុជា-មីយ៉ាន់ម៉ា]»។ សម្តេចតេជោ ប្រកាសត្រៀមខ្លួនជាស្រេច ក្នុងការបន្តធ្វើការងារឱ្យបានជិតស្និទ្ធជាមួយ លោកប្រធានាធិបតីមីយ៉ាន់ម៉ា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង ដើម្បីឧត្តមប្រយោជន៍នៃប្រជាជនទាំងពីរ៕




