
រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានចេញសារព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងកុំលូកដៃជាមួយការដាក់ប្រាក់វិនិយោគតាមរយៈកម្មវិធីផ្សេងៗ លើបណ្តាញទំនាក់ទំនងតេលេក្រាម។ សារណែនាំរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ធ្វើឡើងកាលពីថ្ងៃទី៦មេសា ឆ្នាំ២០២៦...។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា បណ្តាញទំនាក់ទំនងតេលេក្រាមជាបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមបំផុត ក្នុងសម័យកាលឌីជីថលនេះ ប៉ុន្តែបច្ចុប្បន្នវាក៏បានក្លាយជាគោលដៅរបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាក្នុងការបោកប្រាស់ និងក្លែងបន្លំជនរងគ្រោះផងដែរ។ ករណីនេះ អគ្គនាយកដ្ឋានអះអាងថា ថ្មីៗនេះ ក្រុមការងារបច្ចេកទេសបានសង្កេតឃើញ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ឧបាយកលបោកប្រាស់ដោយបង្កើតជាគ្រុប ប្រើប្រាស់រូបភាពថ្នាក់ដឹកនាំកំពូលៗ និងក្លែងបន្លំជាស្ថាប័នធនាគារ ក្នុងគោលបំណងអូសទាញជនរងគ្រោះឱ្យវិនិយោគក្លែងក្លាយ នៅលើបណ្តាញទំនាក់ទំនងតេលេក្រាម។

អគ្គនាយកដ្ឋានទម្លាយថា វិធីសាស្ដ្ររបស់ក្រុមឧក្រិដ្ឋជនប្រើប្រាស់ដើម្បីអូសទាញជនរងគ្រោះឱ្យវិនិយោគ រួមមាន ប្រើប្រាស់កម្មវិធីចុះឈ្មោះ ក្លែងក្លាយ, បង្កើតគណនីក្លែងក្លាយដោយប្រើប្រាស់រូបភាពថ្នាក់ដឹកនាំ, អូសទាញជនរងគ្រោះឱ្យចុះឈ្មោះ ដាក់ប្រាក់វិនិយោគលើកម្មវិធីក្លែងក្លាយ ហើយលួចយក ឬដកប្រាក់ជនរងគ្រោះដោយសម្ងាត់ជាដើម។ ដើម្បីការពារខ្លួនពីការឆបោកទាំងនេះ អគ្គនាយកដ្ឋាន ណែនាំឱ្យពលរដ្ឋពិភាក្សាជាមួយក្រុមគ្រួសារ ឬប្រឹក្សាជាមួយស្ថាប័នជំនាញជាមុនសិន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគ។ លើសពីនោះ ពលរដ្ឋត្រូវត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវឈ្វេងយល់អំពីកម្មវិធី វិនិយោគឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគ។ ប្រសិនពលរដ្ឋជួបករណីខាងលើ ក្រុមការងារអំពាវនាវឱ្យរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីរកដំណោះស្រាយ និងចំណាត់ការបន្ទាន់៕




