
រាជធានីភ្នំពញ៖ ផ្កាថ្មប៉ប្រះទឹក ជាជីវសាស្ត្រយ៉ាងសំខាន់បំផុតនៃសុខភាពមហាសមុទ្ទ និងដើរតួនាទីរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីសមុទ្ទទាំងមូល។ លើសពីនេះ បានផ្តល់នូវជម្រកសុវត្ថិភាព និងប្រភពអាហារដល់ជីវចម្រុះសមុទ្ទរាប់ពាន់ប្រភេទ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្រ្តីបរិស្ថាន កាលពីថ្ងៃទី៦មេសាម្សិលមិញ..។

មន្រ្តីបរិស្ថាន បានឱ្យដឹងយ៉ាងដូច្នេះថា៖«ផ្កាថ្មប៉ប្រះទឹក គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសុខភាពមហាសមុទ្ទ។ ការការពារផ្កាថ្ម តាមរយៈការកាត់បន្ថយការបំពុល និងការគ្រប់គ្រងការនេសាទដោយចីរភាព គឺជាកាតព្វកិច្ចចាំបាច់ដើម្បីធានាថា សមុទ្ទរបស់យើងនៅតែមានជីវៈចម្រុះយ៉ាងសម្បូរបែប និងមានស្ថិរភាពបរិស្ថានសម្រាប់មនុស្សជាតិ និងធម្មជាតិទាំងបច្ចុប្បន្ន និងអនាគត»។ នៅពេលផ្កាថ្មមានសុខភាពល្អ នោះនឹងរួមចំណែកយ៉ាងសកម្មក្នុងការរក្សាគុណភាពទឹកឱ្យស្អាត និងមានស្ថិរភាព។ ហើយតាមរយៈដំណើរការជីវសាស្ត្រ ផ្កាថ្មជួយបន្សុទ្ធ និងបង្វិលសារធាតុចិញ្ចឹមក្នុងទឹក ដែលជាគ្រឹះរឹងមាំក្នុងការទ្រទ្រង់ខ្សែសង្វាក់អាហារសមុទ្ទ និងការបន្តពូជនៃធនធានជលផល ជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធភាព។

មួយវិញទៀត ផ្កាថ្ម ក៏ជារបាំងការពារឆ្នេរសមុទ្ទពីឥទ្ធិពលនៃរលកខ្លាំង ព្យុះសមុទ្ទ និងការកាត់ច្រោះដីឆ្នេរ។ ប្រសិនបើមានការបំពុល ការនេសាទហួសកម្រិត និងការហូរច្រោះដីល្បាប់ចូលសមុទ្ទ នោះធ្វើឱ្យផ្កាថ្មចុះខ្សោយ និងជំរុញឱ្យមានការកើនឡើងខុសប្រក្រតីនៃផ្កាសារាយ។ កត្តានេះបណ្ដាលឱ្យគុណភាពទឹកធ្លាក់ចុះ និងធ្វើឱ្យជម្រកមច្ឆជាតិបាត់បង់ ដែលនាំឱ្យចំនួនត្រីថយចុះយ៉ាងគំហុក។ ដូច្នេះ ការការពារផ្កាថ្ម គឺជារឿងសំខាន់ណាស់សម្រាប់ការរក្សាសុខភាពសមុទ្ទ ក្នុងនោះដោយគ្រាន់តែនាំគ្នាកាត់បន្ថយការបំពុល គ្រប់គ្រងការនេសាទ និងមានការអភិរក្សតំបន់សមុទ្ទ គឺជាវិធានការដែលអាចជួយដល់ផ្កាថ្ម ឱ្យនៅបានគង់វង្ស៕




