
រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានបើកការវាយប្រហារតាមសម្តីយ៉ាងធ្ងន់ៗទៅលើបណ្ដាសម្ព័ន្ធមិត្តណាតូ (NATO) ដែលបានបដិសេធមិនព្រមចូលរួមជួយសហរដ្ឋអាម៉េរិកក្នុងសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់។ លោកហៅអង្គការណាតូថា ជាខ្លាក្រដាស ដែលសូម្បីតែប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏មិនខ្លាចដែរ។

ការផ្ទុះកំហឹងនេះ កើតឡើងនៅមុនដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការណាតូ លោក ម៉ាក រូដ (Mark Rutte) ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។ លោក ត្រាំ បានរំឭកពីការសន្ទនាដែលលោកបានស្នើសុំជំនួយពីសម្ព័ន្ធមិត្ត ប៉ុន្តែត្រូវបានបដិសេធយ៉ាងដាច់អហង្កា។ លោកបានសង្កត់ធ្ងន់ថា សមាជិកណាតូមិនត្រឹមតែមិនជួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្យាយាមរារាំងកិច្ចការរបស់សហរដ្ឋអាម៉េរិកទៀតផង។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ ត្រាំ បានភ្ជាប់ជម្លោះជាមួយណាតូទៅនឹងបំណងប្រាថ្នារបស់លោកក្នុងការដាក់កោះ ហ្គ្រីនឡែន ជាដែនដីរបស់សហរដ្ឋអាម៉េរិក។ លោកបានទម្លាយថា ភាពរកាំរកូសរវាងលោក និងណាតូ ផ្ដើមចេញពីបញ្ហាកោះហ្គ្រីនឡែននេះឯង។ លោកបានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «យើងចង់បានកោះហ្គ្រីនឡែន ប៉ុន្តែពួកគេ (ដាណឺម៉ាក) មិនព្រមឱ្យវាមកយើង»។

ក្រៅពីណាតូ លោក ត្រាំ ក៏បានរិះគន់សម្ព័ន្ធមិត្តផ្សេងទៀតដូចជា កូរ៉េខាងត្បូង អូស្ត្រាលី និងជប៉ុន ដែលមិនបានផ្ដល់ជំនួយក្នុងសង្រ្គាមអ៊ីរ៉ង់។ ផ្ទុយទៅវិញ លោកបានកោតសរសើរយ៉ាងខ្លាំងដល់បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្ទ រួមមានអារ៉ាប៊ីសាអូឌីត គុយវ៉ែត បារ៉ែន កាតា និងអារ៉ាប់រួម ដែលបានឈរនៅខាងអាម៉េរិកយ៉ាងរឹងមាំ ក្នុងអំឡុងពេលមានជម្លោះដ៏ក្ដៅគគុកនេះ៕


