
រដ្ឋធានីតេហេរ៉ង់៖ អ៊ីរ៉ង់បានបើកការវាយប្រហារថ្មីមួយនៅទូទាំងមជ្ឈិមបូព៌ា យ៉ាងសន្ធោសន្ធៅ នៅថ្ងៃទី៦ ខែមេសានេះ ដោយបានបង្ហោះមីស៊ីល និងដ្រូនវាយប្រហារយ៉ាងសន្ធាប់ទៅលើប្រទេសអ៊ីស្រាអែល គុយវ៉ែត និងអារ៉ាប់រួម។ ការវាយប្រហារនេះគឺជាការឆ្លើយតបយ៉ាងក្ដៅគគុកទៅនឹងសម្តីធ្ងន់ៗរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានបង្គាប់ឱ្យរដ្ឋធានីតេហេរ៉ង់បើកច្រកសមុទ្ទហ័តមូស្សជាបន្ទាន់ បើមិនចង់ឱ្យប្រទេសទាំងមូលក្លាយជាឋាននរក។

តាមរយៈបណ្ដាញសង្គម Truth Social លោក ត្រាំ បានបញ្ជាឱ្យអ៊ីរ៉ង់បញ្ឈប់ការបិទខ្ទប់ផ្លូវទឹកអន្តរជាតិជាបន្ទាន់ បើមិនដូច្នោះទេ ពួកគេនឹងត្រូវរងទណ្ឌកម្មសង្រ្គាមដ៏ខ្លាំងក្លាបំផុត។ មិនត្រឹមតែប៉ុណ្ណោះ លោកបានកំណត់ឱសានវាទថ្មីមួយទៀតគឺនៅម៉ោង៨យប់ថ្ងៃអង្គារ (ម៉ោងនៅអាម៉េរិក) ខណៈរូបលោកកំពុងត្រៀមខ្លួនធ្វើសន្និសីទសារព័ត៌មានដ៏ធំមួយ ក្រោយពីទទួលបានជោគជ័យក្នុងការជួយសង្គ្រោះវរសេនីយ៍ឯកពីឡុតម្នាក់ ដែលបានបាញ់ធ្លាក់ក្នុងទឹកដីអ៊ីរ៉ង់។

មជ្ឈមណ្ឌលបញ្ជាការយោធាកណ្តាលរបស់អ៊ីរ៉ង់ បានវាយបកវិញភ្លាមៗ ដោយព្រមានថា ខ្លួននឹងបើកការសងសឹកកាន់តែខ្លាំង ប្រសិនបើសហរដ្ឋអាម៉េរិកហ៊ានប៉ះពាល់ដល់គោលដៅស៊ីវិល ដូចជា ស្ពាន ឬរោងចក្រអគ្គិសនី តាមការព្រមានរបស់លោក ត្រាំ។ បច្ចុប្បន្ន ពិភពលោកទាំងមូល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសន្និសីទសារព័ត៌មានរបស់ ត្រាំ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ខណៈតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាម ដែលមិនធ្លាប់មានពីមុនមក ហើយច្រកសមុទ្ទហ័រមូស្ស ដែលជាសរសៃឈាមសេដ្ឋកិច្ចសកល នៅតែបន្តស្ថិតក្នុងស្ថានភាពចំណាប់ខ្មាំងនៅឡើយ៕



