
បទវិយាយ៖ មិនរារែក មិនតក់ស្លុត និងមិនញញើត ធ្លាប់តែឮ ធ្លាប់តែឃើញមាននៅក្នុងឆន្ទៈយោធាស្តេចសាមូរ៉ៃជប៉ុន ប៉ុន្តែពេលនេះ កំពុងផុសឡើងនៅក្នុងដួងព្រលឹងឆន្ទៈនៃកងកម្លាំងឆ្មាំបដិវត្តិន៍អ៊ិស្លាមអ៊ីរ៉ង់។ ប្រសិនបើអ៊ីរ៉ង់ នៅតែបន្តគោលនយោបាយរឹងត្អឹង និងបន្តកាន់អាវុធច្បាំងជាមួយសហរដ្ឋអាម៉េរិកទៀត តើជោគវាសនារដ្ឋធានីតេហេរ៉ង់អាចនឹងដូចអាណាចក្រជប៉ុន ក្នុងឆ្នាំ១៩៤៥ដែរឬទេ..?

ការប្រឈមមុខដាក់គ្នារវាងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីតេអេរ៉ង់ នៅពេលនេះ មិនមែនត្រឹមតែជាជម្លោះប្រដាប់អាវុធ និងជម្លោះភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចធម្មតានោះទេ ប៉ុន្តែវាជាសង្គ្រាមកម្ទេចរបបដឹកនាំតេហេរ៉ង់ឱ្យរលាយរលត់ក្លាយជាផេះផង់ និងការផ្លាស់ប្ដូរទម្រង់រដ្ឋទាំងស្រុង។ ទន្ទឹមនឹងមជ្ឈិមបូព៌ា កំពុងស្ថិតក្នុងមាត់ជ្រោះមរណៈនៃសង្គ្រាម ស្រាប់អ្នកវិភាគភូមិសាស្ត្រនយោបាយមួយចំនួនចោទសួរថា តើសហរដ្ឋអាម៉េរិកកំពុងប្រើក្រដាសចាស់ទៅសរសេររឿងថ្មីនៅលើសមរភូមិសង្គ្រាមនៅមជ្ឈិមបូព៌ា ឬយ៉ាងណា? គេនៅចាំបាន ឆ្នាំ១៩៤៥ គ្រាប់បែកបរមាណូ២គ្រាប់របស់សហរដ្ឋអាម៉េរិក បានរមៀលធ្លាក់ចេញពីពោះយន្តហោះ B-29 ជ្រែកអាកាសាចូលទឹកដីប្រទេសប្រទេសជប៉ុន នោះគឺទីក្រុងហ៊ីរ៉ូស៊ីម៉ា។ គ្រាប់បែកបរមាណូទី១ មានឈ្មោះថា «Little Boy» បានធ្វើឱ្យទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្លាយជាវាលរហោស្ថានកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ចំំណែកគ្រាប់បែកបរមាណូទី២ មានឈ្មោះថា «Fat Man» ត្រូវបានទម្លាក់ទៅលើទីក្រុងណាហ្កាសាគី ដែលរំលងបានតែ៣ថ្ងៃប៉ុណ្ណោះ។

មុនទម្លាក់គ្រាប់បែកបរមាណូនេះ សហរដ្ឋអាម៉េរិកបានគូសវាស និងគិតគូរយ៉ាងល្អិតល្អន់ ព្រោះថា ប្រសិនបើសហរដ្ឋអាម៉េរិកសម្រេចវាយតាមជើងគោក នោះយោធាអាម៉េរិក អាចនឹងបាត់បង់ជីវិតចន្លោះពី២៥ម៉ឺននាក់ ទៅ១លាននាក់ ដោយសារតែទ័ពចក្រពត្តិនិយមជប៉ុន មានឆន្ទៈមោះមុតប្រយុទ្ធការពារជាតិយ៉ាងប្តូរផ្តាច់ និងហ៊ានបូជាជីវិតដើម្បីជាតិ គ្មានស្ដាយស្រណោះបន្តិចណាឡើង។ ម្លោះហើយ សហរដ្ឋអាម៉េរិកសម្រេចប្រើគ្រាប់បែកបរមាណូជាមធ្យោបាយ សង្គ្រោះជីវិតកងទ័ព និងបញ្ចប់មហិច្ឆតាស្តេចសាម៉ូរៃជប៉ុន។ យើងងាកមកមើល លោក ដូណាល់ ត្រាំ វិញ កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅថ្មីៗ ពោលគឺកំលុងពេលជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈិ នៅការិយាល័យពងក្រពើនាសេតវិមាន ដោយលោក ត្រាំ បានបង្ហើពាក្យសម្តីមួយឃ្លា បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់មនុស្សជុំវិញផែនដី នោះគឺការរំលឹកឡើងវិញពីការវាយប្រហារនៅកំពង់ផែ Pearl Harbor ឆ្នាំ១៩៤១ ពីសំណាក់យោធាជប៉ុន ដែលនាំទៅដល់ការប្រើប្រាស់អាវុធនុយក្លេរអ៊ែរពីសំណាក់សហរដ្ឋអាម៉េរិក។ នេះជាសារមុតស្រួច ដែលបង្ហាញថា សង្គ្រាមនៅអ៊ីរ៉ង់ក៏អាចជួបវាសនាដូចនៅជប៉ុនដែរ ប្រសិនបើមូលដ្ឋានទ័ពអាម៉េរិកត្រូវបានវាយប្រហារ។

សម្តីមេដឹកនាំសហរដ្ឋអាម៉េរិក ស្ដាប់ទៅសាមញ្ញ និងហាក់ដូចជាការលេងសើច ប៉ុន្តែអ្នកវិភាគភូមិសាស្ត្រនយោបាយអន្តរជាតិ យល់ថា មិនមែនជាសម្តីលេងសើចទេ! មិនលេងសើចក៏ព្រោះថា លោក ដូណាល់ ត្រាំ ចង់ផ្ញើសារនេះទៅកាន់គូសត្រូវរបស់ខ្លួនឱ្យបានយល់ច្បាស់ផងដែរ ថា កុំចង់លេងជាមួយស្តេចឥន្ទ្រី! បើអ្នកហ៊ានប៉ះក្បាលឥន្ទ្រីហើយ នោះអ្នកនឹងរងគ្រោះដូចស្តេចដាវពិឃាដសាម៉ូរៃជប៉ុនអ៊ីចឹងដែរ! សូមជម្រាបថា ក្រោយរងការវាយប្រហារដោយការទម្លាក់គ្រាប់បែកបរិមាណូរបស់សហរដ្ឋអាម៉េរិក ជប៉ុនដែលធ្លាប់តែមានអំណួតជាអធិរាជចម្បាំង និងជាបុត្ររបស់ព្រះអាទិត្យ ត្រូវបានបាក់បបខ្លបខ្លាច ដូចកូនកណ្តុរត្រូវទឹកភ្លៀង។ គ្រានោះហើយ ដែលសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រ ២៦០០ឆ្នាំ របស់ប្រទេសជប៉ុន ត្រូវបានកត់ត្រាចារជាក្រាំងមាសនៃការលត់ជង្គង់សុំចុះចាញ់សត្រូវសហរដ្ឋអាម៉េរិក ដោយគ្មានលក្ខខណ្ឌ។ ថ្មីៗនេះ មានការចោទជាសំណួរថា តើអ៊ីរ៉ង់អាចនឹងក្លាយជាជប៉ុនទី២ដែរឬទេ..? តើសហរដ្ឋអាម៉េរិកអាចយកគ្រាប់បែកបរមាណូទី៣ ឬទី៤ ទៅទម្លាក់នៅរដ្ឋធានីតេហេរ៉ង់ ដូចជំនាន់ចុងសម័័យកាលនៃសង្គ្រាមលោកលើកទី២ ដែរឬយ៉ាងណា..?

ចម្លើយ គឺស្ថិតនៅលើជញ្ជីងគំនិតនៃការថ្លឹងថ្លែងរបស់លោក ដូណាល់ ត្រាំ ថា តើជម្លោះនេះ អាចធ្វើឱ្យសន្តិសុខពលរដ្ឋអាម៉េរិកជួបបញ្ហាសុវត្ថិភាពដែរឬទេ? បើប៉ះពាល់ផ្ទាល់ដល់សុវត្ថិភាពពលរដ្ឋសហរដ្ឋអាម៉េរិកមែន តើត្រាំ ហ៊ាន ឬមិនហ៊ាន? មែនទែនទៅ ដ្បិតថា សហរដ្ឋអាម៉េរិកប្រើអាវុធទំនើបៗ ធុនធ្ងន់ វាយប្រហារកម្ទេចរបបតេហេរ៉ង់ក៏ដោយ ប៉ុន្តែសហរដ្ឋអាម៉េរិកនៅមិនទាន់ប្រើអាវុធមហាប្រល័យនុយក្លេអ៊ែរ ឬគ្រាប់បែបបរិមាណូអាតូមិកនៅឡើយទេ ខណៈប្រទេសទាំងបី (អាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង) សុទ្ធតែមានអាវុធមហាប្រល័យនេះដូចគ្នា ដូច្នេះ បើប្រទេសណាមួយហ៊ានប្រើវាមុន នោះវិនាសកម្មពិភពលោក អាចនឹងកើតឡើងភ្លាមៗតែម្ដង។ អ្នកវិភាគយល់ឃើញថា បើទោះបីជាអ៊ីរ៉ង់បន្តបិទខ្ទប់ច្រកសមុទ្ទហ័រមូស្ស ដែលជាសរសៃឈាមសេដ្ឋកិច្ចប្រេងពិភពលោក២០ភាគរយក៏ដោយ ក៏ ត្រាំ ហ៊ានគំរាមត្រឹមវាយប្រហារដោយយោធាជើងគោកទ្រង់ទ្រាយធំប៉ុណ្ណោះ ពោលគឺមិនអាចប្រើប្រាស់អាវុធមហាប្រល័យនេះជាដាច់ខាត ព្រោះបើអាវុធនុយក្លេអ៊ែរចេញប្រតិបត្តិការក្នុងសង្គ្រាមហើយ ភាពកាចសាហាវរបស់វា មិនអាចបញ្ឈប់ដូចកាលសង្គ្រាមលោកលើកទី២ ដែលមានត្រឹមតែ២គ្រាប់នោះឡើយ។ ហើយវាច្បាស់ណាស់ថា អ៊ីរ៉ង់ដែលមានក្បាលគ្រាប់មហាប្រល័យនេះដូចគ្នា នឹងសងសឹកវិញមិនខាន។

ដើម្បីបង្ហាញថា សង្គ្រាមនុយក្លេអ៊ែរមិនអាចកើតមាន SBM News សូមលើកយកហេតុផល ឬទឡ្ហីករណ៍មួយចំនួន ដែលសហរដ្ឋអាម៉េរិកគិតគូរររាប់រយដងមុនសម្រេចចិត្តវាយប្រហារដោយគ្រាប់បែកបរមាណូ ឬអាវុធនុយក្លេអ៊ែរលើអ៊ីរ៉ង់។ គ្រប់គ្នាសុទ្ធតែបានដឹងហើយថា អ៊ីរ៉ង់មិនមែនជាជប៉ុននៅឆ្នាំ១៩៤៥ ដែលអាចឱ្យសហរដ្ឋអាម៉េរិកវាយប្រហារកម្ទេចប្រទេសស្រួលៗនោះឡើយ ព្រោះថា អ៊ីរ៉ង់បច្ចុប្បន្នមិនឯកោដូចជប៉ុនទេ។ មិនឯកោ ក៏នៅត្រង់ថា អ៊ីរ៉ង់មានបណ្តាញក្រុមកងទ័ពស្រមោល ឬក្រុមឧទ្ទាម ជាច្រើនដែលកំពុងឈរជើងពាសពេញតំបន់មជ្ឈិមបូព៌ា។ ប្រសិនបើរដ្ឋធានីវ៉ាស៊ីនតោនសម្រេចចិត្តទម្លាក់គ្រាប់បែកបរិមាណូ ឬអាវុធនុយក្លេអ៊ែរលើដីគោកអ៊ីរ៉ង់ នោះតំបន់មជ្ឈិមបូព៌ាទាំងមូល នឹងធ្លាក់ទៅក្នុងជ្រោះមរណៈជាក់ជាមិនខាន ហើយគ្រាប់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នឹងហោះចេញពីបំពង់ទៅកម្ទេចមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិកវិញ នៅទូទាំងតំបន់មជ្ឈិមបូព៌ា ខណៈអ៊ីស្រាអែលក៏នឹងខ្ទេចខ្ទីរទ្រោមខ្លួនដូចគ្នា។

ក្រុមឧទ្ទាមធំៗនៅមជ្ឈិមបូព៌ា ដែលជាដៃជើងអ៊ីរ៉ង់ រួមមាន៖ ក្រុមហេសបូឡាហ៍នៅលីបង់, ក្រុមហ៊ូធីនៅយេម៉ែន, និងក្រុមនិកាយស៊ីអ៊ីតនៅអ៊ីរ៉ាក់។ វត្តមាននៃកងទ័ពតំណាងទាំងនេះ បានធ្វើឱ្យសហរដ្ឋអាម៉េរិកត្រូវគិតគូរររាប់រយដង មុននឹងសម្រេចចិត្តបើកប្រតិបត្តិការយោធាតាមអាកាសខ្នាតយក្សលើអ៊ីរ៉ង់ ដូចជំនាន់កម្ទេចប្រទេសជប៉ុន ព្រោះតម្លៃដែលត្រូវសង គឺសន្តិសុខសម្ព័ន្ធមិត្តនៅទូទាំងតំបន់មជ្ឈិមបូព៌ាផង និងសហរដ្ឋអាម៉េរិកខ្លួនឯងផង។ លើសពីនេះ ឥទ្ធិពលមហាអំណាចនុយក្លេអ៊ែរចិន និងរុស្ស៊ីនៅតែជាសម្ពាធដ៏ធ្ងន់របស់សហរដ្ឋអាម៉េរិក។ ដ្បិតថា រដ្ឋធានីម៉ូស្គូ និងរដ្ឋធានីប៉េកាំង មិនទាន់លូកដៃចូលជួយអ៊ីរ៉ង់ច្បាំងដោយផ្ទាល់ក៏ដោយ ប៉ុន្តែសម្ព័ន្ធមិត្តទាំង២ ទំនងជាមិនទុកអ៊ីរ៉ង់ចោលឱ្យនៅឯកោតែម្នាក់ឯងដែរ។ ហើយប្រសិនបើសហរដ្ឋអាម៉េរិកហ៊ានប្រើអាវុធនុយក្លេអ៊ែរ ឬគ្រាប់បែកបរមាណូលើអ៊ីរ៉ង់មែន នោះអាចនឹងទាញដៃរុស្ស៊ី និងចិនឱ្យចូលរួមក្នុងជម្លោះនេះដោយផ្ទាល់ ដែលអាចឈានទៅរកមុខនៃសង្រ្គាមលោកលើកទី៣។ ប៉ុន្តែយើងក៏មិនធានា ឬប្រាកដនិយមថា សហរដ្ឋអាម៉េរិកមិនប្រើអាវុធមហាប្រល័យនេះដែរ ប្រសិនកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់កើនឥទ្ធិពលកាន់តែខ្លាំងឡើងនោះ។

ហេតុអ្វីយើងហ៊ានថា អ៊ីរ៉ង់មិនដូចជប៉ុន! មិនដូចអាហ្គានីស្ថាន មិនដូចអ៊ីរ៉ាក់? ហើយរឹតតែមិនដូចវ៉េណេហ្ស៊ុយអេឡា។ សម្រាប់សហរដ្ឋអាម៉េរិក ការវាយកម្ទេចរបបដឹកនាំមួយ គឺរឿងងាយស្រួលដូចបកចេក ប៉ុន្តែចំពោះអ៊ីរ៉ង់ដែលជារដ្ឋនៃសំបុកភេរវកម្ម គឺជារឿងមួយផ្សេង ដែលសហរដ្ឋអាម៉េរិកមិនអាចមិនខ្វាយខ្វល់បានឡើយ។ ចំពោះទីតាំងភូមិសាស្ត្រវិញ អ៊ីរ៉ង់ក៏ហាក់អំណោយផលជាងប្រទេសជប៉ុនឆ្ងាយណាស់ដែរ ព្រោះថា ជប៉ុនជាដែនដីកោះ ងាយស្រួលបិទខ្ទប់ និងងាយស្រួលហ៊ុមព័ទ្ធវាយប្រហារ ប៉ុន្តែអ៊ីរ៉ង់មានផ្ទៃដីធំជាងជប៉ុនជិត៥ដង និងសម្បូរទៅដោយជួរភ្នំខ្ពស់ៗ ក្រាស់ៗ ជាកំពែងការពារគ្រាប់បែកអាម៉េរិកបានយ៉ាងល្អ គួបផ្សំ នឹងអ៊ីរ៉ង់មានប្រព័ន្ធការពារដែនអាកាសទំនើបៗ និងដ្រូនអត្តឃាតជាច្រើនដូចស្រមោច អាចឱ្យអ៊ីរ៉ង់វាយប្រហារសងសឹកអាម៉េរិកបានវិញភ្លាមៗ។ សូម្បីតែយន្តហោះចារកម្មស៊ើបការណ៍សម្ងាត់ ដែលមានរហ័ស្សនាម «ភ្នែកទិព្វលើមេឃ», យន្តហោះដឹកជញ្ជូនយោធា, និងយន្តហោះចម្បាំងអាម៉េរិកទំនើបៗជាច្រើនគ្រឿង បានក្លាយជាចំណីមីស៊ីលអ៊ីរ៉ង់រួចទៅហើយ។

ក្រៅពីនេះ លទ្ធភាពដែលអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកប្រើគ្រាប់បែកបរមាណូ ឬអាវុធនុយក្លេអ៊ែរលើអ៊ីរ៉ង់ គឺជារឿងសឹងតែមិនអាចទៅរួច ព្រោះប្រសិនបើហ៊ានប្រើមែននោះ សហរដ្ឋអាម៉េរិក នឹងបាត់បង់អំណាចក្នុងភាពជាអ្នកដឹកនាំសណ្តាប់ធ្នាប់ពិភពលោកភ្លាមៗតែម្ដង នោះក៏ព្រោះតែបណ្តាប្រទេសនានាលើផែនដី នឹងចេញមុខថ្កោលទោសសហរដ្ឋអាម៉េរិក ជាពិសេស សម្ព័ន្ធមិត្តអ៊ីរ៉ង និងសូម្បីតែអង្គការណាតូ ឬសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត ក៏អាចនឹងបែកបាកផងដែរ។ ជារួម យើងអាចសន្និដ្ឋានបានថា សហរដ្ឋអាម៉េរិក អាចហ៊ានវាយប្រហារអ៊ីរ៉ង់បែបយុទ្ធសាស្ត្រតាមដែនអាកាស ដែនទឹក ដែនគោកប៉ុណ្ណោះ ប៉ុន្តែទំនងជាមិនហ៊ានធ្វើឱ្យអ៊ីរ៉ង់ក្លាយជាជប៉ុនទី២ តាមរយៈអាវុធបរមាណូរបស់ខ្លួនទេ។ ស្រមោលនៃសោកនាដកម្មឆ្នាំ១៩៤៥ អាចនឹងទៅលងបន្លាចមជ្ឈិមបូព៌ាត្រឹមតែរូបភាពប៉ុណ្ណោះ ហើយអ៊ីរ៉ង់នឹងមិនអាចក្លាយជាជប៉ុនទី២បានដែរ៕



