
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី៦មេសា ឆ្នាំ២០២៦ បានចេញព្រះរាជក្រមក្នុងនាមអង្គព្រះមហាក្សត្រ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីតាមប្រមាញ់ និងផ្តន្ទាទោសជនទាំងហ្លាយណាបង្កើត និងលូកដៃជាមួយបទល្មើសឆបោកអនឡាញ...។

តាមរយៈព្រះរាជក្រម ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០មីនា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី៣មេសា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ច្បាប់នេះ កំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

យោងតាមខ្លឹមសារច្បាប់ដែលបានអនុម័ត កម្រិតទោសត្រូវបានបែងចែកទៅតាមទម្ងន់នៃបទល្មើសផ្សេងៗគ្នា ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារចាប់ពីមួយឆ្នាំរហូតដល់មួយជីវិត។ ក្នុងនោះ អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកអនឡាញ ត្រូវបានប្រព្រឹត្តដែលបណ្ដាលឱ្យមានមនុស្សស្លាប់ម្នាក់ ឬច្រើននាក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ៣០ឆ្នាំ ឬអស់មួយជីវិត។ រីឯការដឹកនាំមជ្ឈមណ្ឌលឆបោក ដែលបូករួមជាមួយការប្រើអំពើហិង្សា ទារុណកម្មឃោរឃៅ, មានការចាប់បង្ខាំង និងមានការរត់ពន្ធមនុស្សជាដើម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ២០ឆ្នាំ។ ចំពោះ ការដឹកនាំទីកន្លែងឆបោក ដែលមានត្រឹមជាលក្ខណៈប្រមូលផ្តុំ ឬក្នុងទម្រង់ជាមជ្ឈមណ្ឌល ដែលអនុញ្ញាតឱ្យបុគ្គលច្រើននាក់ចងក្រងគ្នាជាក្រុម ឬជាបណ្តាញ ដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវកំណត់ជាបទល្មើសរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយត្រូវប្រឈមនឹងការដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។

ក្រៅពីបទល្មើសរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក ច្បាប់នេះ ក៏ផ្តន្ទាទោសទៅលើអ្នកជ្រើសរើស ឬបណ្ដុះបណ្ដាលអ្នកដទៃក្នុងគោលបំណងឱ្យចូលរួមប្រព្រឹត្តអំពើឆបោកអនឡាញដែរ ដោយនឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ហើយអ្នកជ្រើសរើស ដែលពាក់ព័ន្ធជាមួយការប្រើអំពើហិង្សា ឬរការឃុំឃាំង រហូតបណ្ដាលឱ្យមានមនុស្សស្លាប់ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។ ដោយឡែក បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ ក្នុងគោលបំណងប្រើប្រាស់ ឬបង្កើតជាគណនីធនាគារ ឬគណនីអនឡាញផ្សេងៗ សម្រាប់ជាមធ្យោបាយប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ។ លើសពីនេះ ច្បាប់ក៏កំណត់ទោសទណ្ឌធ្ងន់ធ្ងរផងដែរចំពោះការលាងលុយកខ្វក់ផងដែរ៕



