
រាជធានីភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) លោកស្រី វ្លាដាន់កា អាន់ដ្រេវា (Vladanka Andreeva) ប្តេជ្ញាសហការ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ឱ្យឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ លោកស្រី វ្លាដាន់កា អាន់ដ្រេវា បានគូសបញ្ជាក់ដូច្នេះក្នុងជំនួបជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា កាលពីថ្ងៃទី៦មេសាម្សិលមិញ...។

តាមរយៈជំនួបទ្វេភាគីនេះ លោកស្រី ថែមទាំងកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដោយលោកស្រីចាត់ទុកថា ភាពរីកចម្រើននេះគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេល១០ឆ្នាំមុន។ លោកស្រី ក៏បានលើកឡើងពីដំណើរទស្សនកិច្ចថ្មីៗទៅកាន់ប្រាសាទបន្ទាយឆ្មារ ដោយបានកោតសរសើរ ប្រាសាទនេះ មានសម្រស់ស្រស់ស្អាតល្អប្រណិត និងបង្ហាញពីតម្លៃប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់បេតិកភណ្ឌខ្មែរ។ ជាការឆ្លើយតប លោក ហួត ហាក់ បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការអបអរសាទរចំពោះ លោកស្រី វ្លាដាន់កា អាន់ដ្រេវា ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមយ៉ាងសកម្មរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមនុស្សធម៌កន្លងមក។ ក្រៅពីនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួនដូចជា៖ ការអភិវឌ្ឍទេសចរណ៍ផ្អែកលើសហគមន៍, ការកែលម្អប្រព័ន្ធទិន្នន័យទេសចរណ៍ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យទេសចរណ៍ ព្រមទាំងពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅកម្ពុជា។

ទន្ទឹមគ្នា អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងបន្តគាំទ្រយ៉ាងសកម្មដល់កម្ពុជា ក្នុងការជំរុញវិស័យទេសចរណ៍ឱ្យមានលក្ខណៈបរិយាបន្ន និងនិរន្តរភាព ដើម្បីធានាថា កំណើនវិស័យទេសចរណ៍ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍មូលដ្ឋាន និងស្របតាមគោលដៅអភិវឌ្ឍន៍សកល។ ជាងនេះ ភាគីទាំងពីរក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ស្របតាមទិសដៅអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕








