រួសរាន់ទៅចុះឈ្មោះ! ចូលឆ្នាំរួច ក្រសួងវប្បធម៌បើកវគ្គបង្រៀនជំនាញតម្បាញ ប៉ាក់ឌិន ចម្លាក់ គំនូរមិនគិតថ្លៃក្នុងខេត្តចំនួន៩
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ចូលឆ្នាំថ្មីរួច ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ចំនួន១៣ជំនាញដោយមិនបង់ថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់សាធារណជន ជាពិសេស យុវជន ក្នុងខេត្តចំនួន៩…។

ក្រសួងវប្បធម៌ បានប្រកាសកាលពីថ្ងៃទី៦ ខែមេសាថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា សម្រាប់ឆ្នាំ២០២៦ នឹងចាប់ផ្ដើមពីខែឧសភាតទៅ នៅទីតាំងចំនួន១៣ ក្នុងខេត្តចំនួន៩ រួមមាន៖ ខេត្តសៀមរាប, កណ្តាល, កំពង់ឆ្នាំង, កំពង់ចាម, កំពង់ធំ, បន្ទាយមានជ័យ, មណ្ឌលគិរី, រតនគិរី និងព្រះវិហារ។ ចំពោះជំនាញដែលនឹងត្រូវបណ្ដុះបណ្ដាល រួមមាន៖ តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ, ប៉ាក់ឌិន, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, តម្បាញក្រណាត់ជនជាតិដើមភាគតិច, ខ្មុកស្មាច់, ខ្មុកម្រក្សណ៍, តម្បាញកន្ទេលផ្អាវ, ស្មូនឆ្នាំង, ចម្លាក់ពុម្ព, កុលាលភាជន៍ និងគំនូរបុរាណ។

សម្រាប់សាធារណជន ជាពិសេស យុវជនដែលមានបំណងចង់សិក្សា សូមទាក់ទងទៅលេខាធិការដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ តាមរយៈលេខទូរសព្ទ៖ ០៩៦ ៣៨៦ ៩២៥៥ និង០៧០ ២៣២ ២១៣។ បើតាមក្រសួងវប្បធម៌ ចំពោះសិស្សដែលមកពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ រាជរដ្ឋាភិបាលនឹងឧបត្ថម្ភប្រាក់ចំនួន២៨ម៉ឺនរៀលក្នុងមួយខែថែមទៀត ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ។

វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានក្រសួងវប្បធម៌ រៀបចំដាក់ឱ្យដំណើរជាផ្លូវការ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះជាកម្មវិធីគោលនយោបាយអាទិភាពមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅដល់ការយកចិត្តទុកដាក់លើការអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា បង្កើតឱកាសការងារសម្រាប់យុវជន ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត