ពលករខ្មែរមកពីថៃ អាចចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈដូនតាដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀលបន្ថែមសម្រាប់អ្នកមានបណ្ណសមធម៌
S
Soriya Sou
14 តុលា 2025 03:30 AM

រាជធានីភ្នំពេញ៖ ក្នុងនាមរាជរដ្ឋាភិបាល លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកទឹកចិត្តដល់យុវជន ជាពិសេស ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ងាកមកចាប់អារម្មណ៍ជំនាញវិជ្ជាជីវៈដូនតា ដែលរាជរដ្ឋាភិបាលកំពុងផ្ដល់ជូនដោយឥតគិតថ្លៃ ដើម្បីមានជំនាញ បង្កើតប្រាក់ចំណូល…។

<br />

វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សំដៅដល់ការយកចិត្តទុកដាក់លើការអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា បង្កើតឱកាសការងារសម្រាប់យុវជន ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។ ក្នុងន័យនេះ លោក ចន ណារិទ្ធ ជំរុញ និងលើកទឹកចិត្តដល់យុវជន និងបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដូនតាឱ្យបានច្រើន ខណៈការចុះឈ្មោះរៀនជំនាញដូនតានេះ រាជរដ្ឋាភិបាលជួយទាំងស្រុងដោយមិនមានការបង់ថ្លៃសិក្សានោះទេ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋដែលមកពីគ្រួសារមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ និងទទួលបានប្រាក់ឧបត្ថម្ភក្នុង១ខែ២៨ម៉ឺនរៀលបន្ថែមទៀតពីរាជរដ្ឋាភិបាល។

លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះពិនិត្យការសិក្សាជំនាញវិជ្ជាជីវៈដូនតាពីសំណាក់ពលរដ្ឋ និងយុវជន។
លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះពិនិត្យការសិក្សាជំនាញវិជ្ជាជីវៈដូនតាពីសំណាក់ពលរដ្ឋ និងយុវជន។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ បានបើកដំណើរការនៅក្នុងខេត្តចំនួននៅទីតាំងចំនួន១១ ថ្នាក់ចំនួន១៣ មានជំនាញចំនួន៧ មានដូចជា៖ ខ្មុកស្មាច់, ចម្លាក់ថ្ម, ចម្លាក់ស្មិត, ចម្លាក់ស្បែក, តម្បាញក្រមាពណ៌ត្រុំ, តម្បាញសូត្រ និងស្មូនឆ្នាំង។ នេះបើតាមការឱ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សាធារណជន ពិសេសយុវជន និងពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ មានបំណងចង់សិក្សាជំនាញខាងលើ សូមទាក់ទងទៅលេខាធិការដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ តាមរយៈលេខទូរសព្ទ៖ ០១៧ ៤៣១ ៣០២ / ០៨៨ ៨៥៣ ៥៦៣៦ / ០៩៦ ៥២២ ៧៣៦៩៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត